ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

30

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំលើកទី១ នេះអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ( អ.ដ.ក.) មានរបៀបវារៈចំនួន ៣ ដែលត្រូវពិនិត្យ ពិភាក្សា និងអនុម័ត ក្នុងនោះរួមមាន៖
ទី១-ផែនការការងារ និងផែនការហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរការរបស់ អ.ដ.ក.
ទី២-កិច្ចដំណើរការនៃការសម្រុះសម្រួលដោះស្រាយវិវាទ និង
ទី៣-ការងារផ្សេងៗ។

ជាលទ្ធផល ក្នុងកិច្ចប្រជុំលើកទី១ នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានសម្រេចអនុម័តជាគោលការណ៍លើ:
ទី១-ផែនការការងារ និងផែនការហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរការរបស់ អ.ដ.ក. និង
ទី២-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងគុណវុឌ្ឍិសម្រាប់ការផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។

ទន្ទឹមគ្នានេះអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ( អ.ដ.ក.) នឹងធ្វេីកិច្ចសហការក្នុងភាពជាដៃគូដេីម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាមួយក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រួមមាន: ក្រសួងអធិការកិច្ច គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល ជាដេីម។

អត្ថបទដែលជាប់ទាក់ទង