ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចាប់ផ្ដើមប្រកាសជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៦០នាក់

38

 

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានថ្លែងថា អ.ដ.ក. បានពិនិត្យ និងសម្រេចអនុម័តយល់ព្រមជាគោលការណ៍លើឯកសារ និងលិខិតបទដ្ឋាន គតិយុត្តសំខាន់និងចាំបាច់សម្រាប់ការចាប់ផ្តើមនៃកិច្ចដំណើរការការងាររបស់ អ.ដ.ក. ដោយចាប់ផ្ដើមជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សម្រាប់ដំណាក់កាលដំបូងនេះ អ.ដ.ក. នឹងចាប់ផ្ដើមប្រកាសជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៦០នាក់។

នាព្រឹកថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំលើកទី១ នេះអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ( អ.ដ.ក.) បានសម្រេចអនុម័តជាគោលការណ៍លើ:
ទី១-ផែនការការងារ និងផែនការហិរញ្ញវត្ថុសម្រាប់កិច្ចដំណើរការរបស់ អ.ដ.ក. និង
ទី២-សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងគុណវុឌ្ឍិសម្រាប់ការផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានឲ្យដឹងថា ការចាប់ផ្ដើមជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. សម្រាប់ដំណាក់កាលដំបូងនេះ អ.ដ.ក. នឹងចាប់ផ្ដើមប្រកាសជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចំនួន ៦០ នាក់ ដែលក្នុងនោះ ៣០ នាក់ នឹងត្រូវជ្រើសរើសពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍតាមការកំណត់របស់ អ.ដ.ក. តាមរយៈការប្រឡងប្រជែង និង ៣០ នាក់ ទៀត នឹងត្រូវជ្រើសរើសដោយពុំឆ្លងកាត់ការប្រឡងប្រជែង ពីក្នុងចំណោមបុគ្គលដែលមានគុណវុឌ្ឍខ្ពស់ ដូចជា អតីតចៅក្រម អតីតព្រះរាជអាជ្ញា ឥស្សរជន ឬមន្ត្រីសាធារណៈដែលមានបទពិសោធន៍ក្នុងការងារ ដោះស្រាយវិវាទ ជាដើម។ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដែលត្រូវបានជ្រើសរើស នឹង ត្រូវទទួលការបណ្តុះបណ្តាលជំនាញ ស្របតាមព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. នឹងប្រកាសជូនដំណឹងអំពីការចាប់ផ្ដើមទទួលពាក្យស្នើសុំចូល ធ្វើជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចាប់ពីសប្តាហ៍ទី២ ខែមករា នេះ ដែលកាលបរិច្ឆេទ ជាក់លាក់នៃការទទួលពាក្យស្នើសុំ, អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. នឹងធ្វើការជូនដំណឹងជាក្រោយ។ ទន្ទឹមនេះ នៅថ្ងៃដែល អ.ដ.ក. ចាប់ផ្ដើមទទួលពាក្យស្នើសុំចូលធ្វើជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ, អ.ដ.ក. ក៏ នឹងធ្វើសន្និសីទសារព័ត៌មានមួយពាក់ព័ន្ធនឹងកិច្ចដំណើរការរបស់ អ.ដ.ក. ផងដែរ។

ការចាប់ផ្ដើមទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងដោះស្រាយបន្ទាប់ពីការជ្រើសរើស និងបណ្តុះបណ្តាលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ព្រមទាំងរៀបចំឯកសារបច្ចេកទេសចាំបាច់សម្រាប់កិច្ចដំណើរការសម្រុះសម្រួលដោះស្រាយវិវាទ, អ.ជ.គ. បានកំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ជាកាលបរិច្ឆេទនៃការចាប់ផ្ដើមទទួលពាក្យបណ្តឹងផ្ទាល់ពីប្រជាពលរដ្ឋដើម្បីពិនិត្យ និងសម្រុះសម្រួលដោះស្រាយ។ ការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋនេះ នឹងធ្វើឡើងនៅ

អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. (នាយកដ្ឋានទទួលពាក្យបណ្ដឹង និងកិច្ចការទូទៅ) ស្ថិតនៅអគារពហុបំណងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានទីតាំងស្ថិតនៅមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្នសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីឱ្យយន្តការដោះស្រាយសម្រុះសម្រួលវិវាទដោយ អ.ដ.ក. អាចដំណើរការដោយរលូន និងសម្រេចបានលទ្ធផលខ្ពស់ អ.ដ.ក. នឹងចាប់ផ្ដើមធ្វើកិច្ចសហការក្នុងភាពជាដៃគូដោយផ្ទាល់ជាមួយ ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រួមមាន៖ ក្រសួងអធិការកិច្ច គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដែលបាននិងកំពុងធ្វើការពាក់ព័ន្ធនឹងការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ អ.ដ.ក. បានកំណត់យកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នេះ ដើម្បីជួបប្រជុំជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នៅកម្ពុជា ក្រោមការសហការពីអង្គការអុកស្វាមប្រចាំកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហការគ្នា សំដៅចូលរួមលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕

 

អត្ថបទដែលជាប់ទាក់ទង