ករណីប្រើហិង្សាលើសិស្សស្រីម្នាក់ , ៣នាក់ត្រូវបានដាក់ឲ្យនៅក្រៅឃុំ និង២នាក់ទៀត ត្រូវបានបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទារ
ភ្នំពេញ ៖ ជនភេទទី៣ និងបក្ខពួកសរុប៥នាក់ ដែលព្រួតវាយសិស្សស្រីនៅខណ្ឌកំបូល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ត្រូវបានតុលាការសម្រេចដាក់ឲ្យជនត្រូវចោទ៣នាក់ នៅក្រៅឃុំ តែក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និង២នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទារ។
សូមបញ្ជាក់ថា ជនទាំង៥នាក់ ត្រូវបានលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ សម្រេចចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត» តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ជនទាំង៥នាក់រួមមាន៖
ទី១៖ ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅ Cherry ភេទប្រុស (ភេទទី៣) អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះលេខ៣៦ បុរីពិភពថ្មី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
ទី២៖ ឈ្មោះ យាន រស្មី ហៅម៉ី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ
ទី៣៖ ឈ្មោះ ហូយ ម៉ូលុច្យ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ
ទី៤៖ ឈ្មោះ គង់ ស៊ីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ
ទី៥៖ ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ។
ជនដៃដល់ដែលជាភេទទី៣ និងបក្ខពួកទាំង៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីនេះប្រើប្រាស់អំពើហិង្សា លើក្មេងស្រីសិស្សសាលាម្នាក់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំងអស់នោះ មានទាំងអ្នកដៃដល់ អ្នកថតវីដេអូ និងអ្នកផ្សំគំនិតដើម្បីធ្វើសកម្មភាព៕