ឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យតាមដានលទ្ធផលការងារ នៃការិយាល័យទំនាក់ទំនងព្រំដែន(BLO)
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យតាមដានលទ្ធផលការងារ នៃការិយាល័យទំនាក់ទំនងព្រំដែន(BLO) នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន,លោក លោកស្រី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន, លោកឧត្តមសេនីយ៍ស្នងការរង និងជាអនុប្រធានអចិន្ទ្រៃយ៍ នៃការិយាល័យ BLO, លោកនាយការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។
បន្ទាប់ពីបានស្តាប់ពីបញ្ហាប្រឈម ចំណុចខ្វះខាត និងសំណូមពររបស់លោកឧត្តមសេនីយ៍ស្នងការរង និងជាអនុប្រធានអចិន្ទ្រៃយ៍ នៃការិយាល័យ BLO តាមបណ្តាខេត្តរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់លោកឧត្តមសេនីយ៍នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ពិសេសការលើកឡើងរបស់លោកឧត្តមសេនីយ៍ស្នងការរងទទួលការងារ BLO តាមបណ្តាខេត្ត។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានបន្តថា ជាការពិតណាស់បទល្មើសគ្រឿងញៀន គឺជាបញ្ហាសកល ដែលបង្កើតជាវិបត្តិក្នុងសង្គម និងគ្រោះថ្នាក់បំផុត ហើយបង្កជាកត្តាប្រឈមទាំងក្នុងកាលៈទេសៈចំពោះមុខ ព្រមទាំងសម្រាប់រយៈពេលយូរអង្វែង ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន បន្តធ្វើសកម្មភាពនាំចូលដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនលួចលាក់ លំហូរគ្រឿងញៀនតាមច្រកព្រំដែន អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែ និងការលួចលាក់បង្កប់គ្រឿងញៀនក្នុងទំនិញ សម្ភារៈ កញ្ចប់បញ្ញើ រួមជាមួយសកម្មភាពរីករាលដាល នៃការប្រើប្រាស់ ជួញដូរ កែច្នៃ និងផលិតដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងតំបន់ និងក្នុងប្រទេស កំពុងផ្តល់នូវផលវិបាក និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ និងអាយុជិវិត ប្រជាពលរដ្ឋ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា បើការិយាល័យ BLO នៅតាមខ្សែបន្ទាត់ព្រំដែន ជួយសហការគ្នាទប់ស្កាត់បាន គឺយើងអាចជួយសម្រាលដល់ការងារ បង្ការ បង្ក្រាបទប់ស្កាត់ នៅខាងក្នុង ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានបន្តទៀតថា ដើម្បីបន្តកិច្ចការងារនេះឲ្យកាន់តែរលូន ទាំងបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ឯកឧត្តម សូមឲ្យក្រុមការងារបង្កើតគ្រុបតេលេក្រាម ដើម្បីទំនាក់ទំនងគ្នារកដំណោះស្រាយ៕