ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌ ខ្លឹមសារសំខាន់ៗនៃ យុទ្ធនាការជំរុញ និងពលឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ (យុទ្ធនាការទី១)

55

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ ខ្លឹមសារសំខាន់ៗនៃ យុទ្ធនាការជំរុញ និងពលឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ (យុទ្ធនាការទី១)

១-សេចក្តីផ្តើម

ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងនៅតាមតុលាការឱ្យបានលឿន ឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ នៅតែជាទិសដៅអាទិភាពដ៏សំខាន់ក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ប្រព័ន្ធតុលាការ ដែលត្រូវ បន្តយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅពង្រឹង និងលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន។ ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល និងផ្អែកលើវិធានការគន្លឹះទី៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ គឺជា កិច្ចការអាទិភាពមួយក្នុងចំណោមកិច្ចការអាទិភាពទាំង ៣ ដែលត្រូវសម្រេចឱ្យចេញជាលទ្ធផលជាក់ស្តែងក្នុង ក្របខ័ណ្ឌការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅ “ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធ យុត្តិធម៌” នៅកម្ពុជា។

ផ្អែកតាមការប្រគល់ភារកិច្ច និងអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ជាបន្តបន្ទាប់របស់ សម្តេច ធិបតីនាយករដ្ឋមន្ត្រី, ក្រសួងយុត្តិធម៌ បានសម្រេចដាក់ចេញនូវ “យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយ សំណុំរឿងនៅតាមតុលាការ” សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន។ ផ្អែកលើទិន្នន័យ និងស្ថានភាពនៃចំណាត់ការសំណុំរឿងនៅតាមតុលាការ, យុទ្ធនាការទី១ ដែលត្រូវប្រកាស ដាក់ឱ្យអនុវត្តនេះ គឺជាយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ប៉ុន្តែ មិនមែនជា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងទៀតនោះទេ ដោយហេតុថាសំណុំរឿងដែលកកស្ទះរាប់ឆ្នាំ ត្រូវបាន ដោះស្រាយបញ្ចប់កាលពីឆ្នាំ ២០២០-២០២១ កន្លងទៅរួចហើយ ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត ហើយសំណុំរឿងដែលនៅសេសសល់ កំពុងចាត់ការនៅតាមសាលាដំបូងខេត្តមួយចំនួនមានចំនួនច្រើន ប៉ុន្តែ មិនទាន់ដល់កម្រិតនៃការកកស្ទះនោះទេ ដែលយើងមានភាពចាំបាច់ក្នុងការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

២-គោលបំណង

យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស និងភាពងាយស្រួល។ ការអនុវត្តយុទ្ធនាការនេះ នឹងជំរុញឱ្យសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងគ្រប់ប្រភេទឱ្យបានលឿន។ យុទ្ធនាការទី១ នេះ ក៏ជាការក្រើនរំលឹក ដល់មន្ត្រីតុលាការទាំងអស់ត្រូវចងចាំក្នុងចិត្តថា ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងឱ្យបានឆាប់រហ័ស និងងាយស្រួល គឺជាកិច្ចការចាំបាច់ដែលត្រូវបន្តអនុវត្តជាប់ប្រចាំ ក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ប្រព័ន្ធគុណការ នៅកម្ពុជា ព្រមទាំងជាការបន្តលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ផងដែរ។

៣-វិសាលភាព

យុទ្ធនាការនេះ មានវិសាលភាពគ្របដណ្តប់ទៅលើរឿងក្តីគ្រប់ប្រភេទទាំងអស់ ទាំងរឿងក្តីរដ្ឋប្បវេណី ទាំងរឿងក្តីព្រហ្មទណ្ឌ ទាំងរឿងក្តីពាណិជ្ជកម្ម និងរឿងក្ដីផ្សេងទៀត នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់។ ផ្អែកតាមការវាយតម្លៃលើចំនួនសំណុំរឿងនៅសល់កំពុងចាត់ការនៅទូទាំង ប្រទេស និងផ្អែកលើបទពិសោធន៍ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត នាពេលកន្លងមក, ក្រសួងយុត្តិធម៌ បានវាយតម្លៃថា ការអនុវត្តយុទ្ធនាការទី១ អាចនឹងត្រូវបញ្ចប់ក្នុងរយៈពេលយ៉ាងយូរ ៣ ឆ្នាំគិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះតទៅ។

៤-អភិក្រមការងារសម្រាប់ការអនុវត្តយុទ្ធនាការ

ការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការនេះ ត្រូវអនុវត្តដោយ ផ្អែកលើមូលដ្ឋាននៃយុត្តិធម៌ សុចរិតភាព និងភាពត្រឹមត្រូវ ដោយត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវអភិក្រម “លឿន ត្រឹមត្រូវ និងយុត្តិធម៌ ដោយផ្អែកលើច្បាប់” ដោយត្រូវជៀសវាងឱ្យបានជាដាច់ខាតនូវស្ថានភាព “ត្រីងៀត ឆ្លៀតពង” តាមរយៈការប្រើប្រាស់យុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬប្រព្រឹត្តអំពើ ពុករលួយណាមួយ។

ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីតុលាការ និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តយុទ្ធនាការបានត្រឹមត្រូវ និងទទួលបានលទ្ធផលល្អ នឹងត្រូវបានកត់ត្រាទុកជា គុណសម្បត្តិការងារ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ការលើកទឹកចិត្តនាពេលខាងមុខ ស្របតាមគោលការណ៍ “គុណាធិបតេយ្យ”។ ផ្ទុយមកវិញ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា ឬតួអង្គពាក់ព័ន្ធណាមួយ ដែលបានប្រព្រឹត្តខុសច្បាប់ ឬបានឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀប “ត្រីងៀតឆ្លៀតពង” ឬដែលប្រព្រឹត្តផ្ទុយនឹងអភិក្រមខាងលើ នឹងត្រូវកត់ត្រាទុកជាកំហុស ដែលនឹង ត្រូវឆ្លើយតបជាមួយនឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ទាំងវិធានការវិន័យ ទាំងវិធានការច្បាប់។

៥-យន្តការដឹកនាំ និងអនុវត្តយុទ្ធនាការ

យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ត្រូវដឹកនាំ និងអនុវត្តដោយ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ (គ.ជ.ព.) ដែលជាសេនាធិការបច្ចេកទេសរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការ។ គ.ជ.ព. មានសមាសភាពចម្រុះចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងយុត្តិធម៌ ព្រមទាំងពីថ្នាក់ដឹកនាំនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអម សាលាឧទ្ធរណ៍។ ដើម្បីអនុវត្តយុទ្ធនាការនេះក្នុងពេលព្រមៗគ្នានៅតាមបណ្តាសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្តីនានា, ក្រុមការងារមួយចំនួន ត្រូវបានបង្កើតឡើងដើម្បីជាសេនាធិការបច្ចេកទេសឱ្យ គ.ជ.ព.។

ក្រៅពីតួអង្គខាងលើ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីនីមួយៗ គឺជាតួអង្គប្រតិបត្តិ ផ្ទាល់ដ៏សំខាន់ក្នុងការអនុវត្តយុទ្ធនាការនេះ ដែលត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការដោះស្រាយរឿងក្តីនៅក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានឆាប់រហ័សស្របតាមអភិក្រមការងារខាងលើ។

៦-ការគាំទ្រដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីក្នុងការអនុវត្ត យុទ្ធនាការ

ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការទី១ នេះ នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្ដីនីមួយៗ, ក្រសួងយុត្តិធម៌ នឹងផ្តល់ការគាំទ្រចាំបាច់នានា ទាំងផ្នែកបច្ចេកទេស ទាំងផ្នែក ធនធានមនុស្ស និងហិរញ្ញវត្ថុ តាមរយៈការដាក់ចេញនូវគោលការណ៍ណែនាំចាំបាច់នានា, ការចល័តជា បណ្តោះអាសន្ននូវចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬអាជ្ញាសាលា ពីតុលាការមួយទៅតុលាការមួយទៀត និងការជួយគាំទ្រផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃតម្រូវការជាក់ស្តែងក្នុងការអនុវត្តការងារក្នុង ក្របខ័ណ្ឌនៃយុទ្ធនាការនេះ៕

អត្ថបទដែលជាប់ទាក់ទង