ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ឯកអគ្គរដ្ឋទូតគុយបាវាយតម្លៃខ្ពស់ពីការចូលរួមរបស់ស្រ្តីប្រទេសទាំងពីរក្នុងបុព្វហេតុសន្តិភាព​ និងការអភិវឌ្ឍ

72
ភ្នំពេញ ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liyrka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា ដែលជាស្រ្តីដូចគ្នា បានវាយតម្លៃខ្ពស់ចំពោះពលីកម្ម ភាពអង់អាចក្លាហានរបស់ស្រ្តីកម្ពុជា ក៏ដូចជាស្រ្តីគុយបា ដែលបានលះបង់​ និងបំពេញការងារក្នុងបុព្វហេតុសន្តិភាព​ និងការអភិវឌ្ឍ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ដែលត្រូវចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម​ និងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានកោតសរសើរ​ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ក្នុងការចូលរួមពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា​ និងគុយបា ដែលមានតាំងពីយូរលុងមកហើយនោះ ឱ្យកាន់តែរីកចម្រើនឡើងជាលំដាប់។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីភាពសកម្មរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត នៅក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅកម្ពុជាថា បានចូលរួមគ្រប់កម្មវិធីសង្គម នយោបាយ និងការងារស្រ្តី។ សម្តេចបានលើកឡើងថា ដោយសារស្ថិតនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ស្រ្តីកម្ពុជានិងគុយបា បានក្រោកឈរយ៉ាងរឹងមាំ រួមសហការជាមួយបុរស នៅក្នុងការបំពេញការងារគ្រប់វិស័យ ដោយភាពរឹងមាំ ក្លាហាន។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ភាពលំបាកបានធ្វើស្រ្តី រឹងមាំ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងកោតសរសើរចំពោះរដ្ឋសភាប្រទេសគុយបា ដែលមានសមាជិកជាស្រ្តីដល់ទៅជាង ៥៣% ឈរនៅក្នុងលំដាប់លេខរៀងទី២ លើសកលលោក ក្នុងចំណោមរដ្ឋសភាមានសមាជិកជាស្រ្តីច្រើនជាងគេ បន្ទាប់ពីរដ្ឋសភារ៉ូវ៉ាន់ដា ដែលមានចំនួនសមាជិកសភាស្រ្តីរហូតដល់ ៦១%។ ការដែលមានសមាជិកសភាជាស្រ្តីច្រើននេះ មិនត្រឹមជាការលើកកម្ពស់សមភាពយេនឌ័ររវាងស្រ្តីនិងបុរសប៉ុណ្ណោះទេ តែជាការផ្តល់អំណាចដល់ស្រ្តីនៅក្នុងការកាន់តួនាទីជាអ្នកសម្រេចចិត្តផងដែរ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សមាជិកសភាស្ត្រីគឺមានសារៈសំខាន់ណាស់ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់របស់ជាតិ។
លោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ វិញក៏បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ស្រ្តីកម្ពុជា នៅក្នុងការងារនយោបាយ សង្គម និងសេដ្ឋកិច្ច។ ជាពិសេសលោកជំទាវ បានលើកឡើងពីសមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ថាជាគំរូនិងជានិមិត្តរូបរបស់ស្រ្តី។ លោកជំទាវឯកអគ្គរដ្ឋទូតផ្ទាល់ បានសិក្សានិងរៀនសូត្របានយ៉ាងច្រើនពី សម្តេចប្រធានរដ្ឋសភា ផងដែរ។
ការបញ្ចប់បេសកកម្មនៅកម្ពុជា ប្រៀបដូចជាឃ្លាតឆ្ងាយពីគ្រួសារ។ ប៉ុន្តែលោកជំទាវ ពេញចិត្តចំពោះជោគជ័យនៃបេសកកម្មការទូតនៅកម្ពុជា ដែលទទួលបានការគំាទ្រនិងលើកទឹកចិត្តពីរាជរដ្ឋាភិបាល រដ្ឋសភា និងជាពិសេសពីប្រជាពលរដ្ឋកម្ពុជា។ លោកជំទាវ ឯកអគ្គរាជទូត បានលើកឡើងថា គុយបានៅបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសបន្តផ្តល់អាហារូបករណ៍សុខាភិបាលដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជាគុយបា ដែលបានពូនជ្រំឡើង ដោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទំាងពីរ តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ មក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានជួយកម្ពុជានៅគ្រាលំបាក ក្រោយពីងើបចេញពីរបបប៉ុលពតប្រល័យពូជសាសន៍ ក្នុងឆ្នាំ១៩៧៩។
ជាមួយ ការស្នើដល់ប្រទេសគុយបាបន្តជំរុញ និងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែសកម្មនិងស៊ីជម្រៅលើវិស័យសុខាភិបាល អប់រំ កីឡា វប្បធម៌ និងកសិកម្ម ជាដើម។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាគំាទ្រការក្លាយជាប្រទេសសង្កេតការណ៍របស់គុយបា នៅក្នុងវេទិកាអន្តរភាអាស៊ាន (AIPA) លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៤នេះ​ ៕
អត្ថបទដែលជាប់ទាក់ទង