ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចុះពិនិត្យទិដ្ឋភាពជាក់ស្តែងនៃលំហូរធ្វើដំណើររបស់ប្រជាពលរដ្នខ្មែរដែលចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

53

ប៉ោយប៉ែត ៖ នាព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទិដ្ឋភាពជាក់ស្តែងនៃលំហូរធ្វើដំណើររបស់ប្រជាពលរដ្នខ្មែរដែលចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាពិសេសប្រជាពលរដ្ឋដែលចេញទៅប្រកបរបររកសុីនៅផ្សាររុង ក្លឿរប្រទេសថៃ ដែលកន្លងមកនេះមានមតិសាធារណះមួយចំនួនតូចបានលើកឡើងថាមន្រ្តីនគរបាលអន្តោប្រវេសន៍ធ្វើការយឺតធ្វើឲ្យស្ទះដំណើរប្រជាពលរដ្ឋដែលចេញទៅលក់ដូរនៅផ្សាររុង ក្លឿរ ប្រទេសថៃធ្វើអោយគាត់ខាតបង់ពេលវេលាក្នុងការលក់ដូរទំនិញនៅប្រទេសថៃ។

នៅព្រឹកនេះផងដែរ ឆ្លងកាត់តាមការត្រួតពិនិត្យជាក់ស្តែងឃើញថាដំណើរធ្វើបែបបទឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលចេញទៅប្រទេសថៃនោះពុំមានរាំងស្ទះដូចមតិលើកឡើងនោះទៀតទេ ។

តាមការពិនិត្យគឺប្រជាពលរដ្ឋដែលចេញទៅផ្សាររុង ក្លឿរ ក្នុងមួយថ្ងៃមានចំនួនប្រមាណពី ៧០០០ ទៅ ៨០០០ នាក់ ប៉ុន្តែព្រឹកនេះចាប់ផ្តើមពីម៉ោង ៦ មន្រ្តីនគរបាលអន្តោប្រវេសន៍យើងចាប់ផ្តើមធ្វើការផ្តល់បែបបទឲ្យប្រជាពលរដ្ឋបានដំណើរការល្អមិនមានការរាំងស្ទះទេ ។

មូលហេតុដែលមិនមានការរាំងស្ទះគឺដោយសារបច្ចុប្បន្ននេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានរៀបចំបង្កើនបញ្ជរ ដែលកន្លងមកយើងមានច្រកតែមួយសំរាប់ប្រជាពលរដ្ឋដែលកាន់បណ្ណព្រំដែនក្នុងនោះមានប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរដោយថ្មើរជើង និងមួយចំនួនបើកបររថយន្តឬម៉ូតូដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់និងបង្កលក្ខណៈរាំងស្ទះ និងម្យ៉ាងទៀតដោយច្រកតែមួយផង និងដោយប្រជាពលរដ្ឋសំរុកមកច្រើនចំពេលតែមួយ ដូចនេះហេតុមិនបណ្តាលមកពីមន្រ្តីនគរបាលអន្តោប្រវេសន៍ធ្វើការយឺតស្ពឹកស្រពន់នោះទេ ប៉ុន្តែឥឡូវនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើកាដោះស្រាយបានល្អដោយបំបែកបញ្ជរបន្ថែមសំរាប់អ្នកដែលមានមធ្យោបាយមកជាមួយទៅច្រកផ្សេងដាច់ដោយឡែកពីអ្នកថ្មើរជើង ដូចនេះមិនមានការកកស្ទះទៀតទេចាប់ពីម៉ោង ៦ ដល់ម៉ោង ៧ និង៣០ នាទីព្រឹកនេះដោយមានអ្នកដំណើរប្រហែលជាង១០០០នាក់ ។

បន្ទាប់ពីនោះមានប្រជាពលរដ្ឋធ្វើដំណើរមកបន្តបន្ទាប់មិនមានការកកស្ទះទៀតទេ ដោយពួកគាត់មកម្តង៣០ ទៅ ៤០ នាក់ គិតមកដល់ត្រឹមម៉ោង ១១ ព្រឹកមានអ្នកដំណើរកាន់ Border pass មានប្រហែលជាង ៥០០០ នាក់ហើយ។

ចំណុចប្រឈមលើកមុនពិនិត្យឃើញមានបញ្ហាដោយសារការបោះពុម្ភសៀវភៅបណ្ណព្រំដែនមិនច្បាស់ QR Code ដែលធ្វើការស្កេនចូលក្នុងប្រព័ន្ធមានការលំបាក និងនាំឲ្យខាតបង់ពេលវេលាច្រើន។ ដោយឡែក បច្ចុប្បន្នគុណភាពនៃ QR CODE ពុំមែនជាបញ្ហាទៀតទេ ដោយដំណើរការបានលឿនជាងមុន។

ក្នុងឳកាសនេះដែរ ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ បានផ្តាំផ្ញើនិងសំណូមពរឲ្យប្រធានអង្គភាព ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរបរទេសទាំងអស់ដែលចេញចូលតាមច្រកទ្វារអន្តរជាតិនេះ ឯកឧត្តមក៏បានពន្យល់បន្ថែមជូនបងប្អូនឲ្យយល់អំពីគោលនយោបាយបញ្ចកោណលើកទី១ ទាក់ទងនឹងការអនុវត្តតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីច្រកទ្វារ អប់រំឲ្យយល់ពីនយោបាយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើតចំណូលជាតិដែលទាក់ទងជាមួយការងារសម្រួលបែបបទ អាកប្បកិរិយាល្អចំពោះភ្ញៀវដើម្បីរួមចំណែកអនុវត្តនយោបាយទេសចរណ៍ជាតិ អប់រំពីការអនុវត្តវិន័យ សាមគ្គីភាពផ្ទៃក្នុង និងការខិតខំយកចិត្តទុកដាក់ធ្វើការងារ សហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង