បុរសម្នាក់ ឈ្មោះ លី រ៉ូហ្សា បានប្រឌិតរឿង ចោរប្លន់ម៉ូតូ ធ្វេីអោយសមត្ថកិច្ច ខណ្ឌដូនពេញ រវល់មួយយប់ទល់ភ្លឺ
រាជធានីភ្នំពេញ ៖ ក្រោយពីបុរសម្នាក់ឈ្មោះលី រ៉ូហ្សា អាយុ៣២ឆ្នាំ អះអាងថា រូបគាត់កំពុងឌុបកូនស្រីតូចអាយុ១ខួបកន្លះដើរលេង ស្រាប់តែមានក្រុមចោរស្ទាក់វាយពីក្រោយ រួចប្លន់យកម៉ូតូ និងទូរស័ព្ទនៅចំណុចជិតរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១០ មករា ឆ្នាំ២០២៤ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ជាពិសេសគឺសមត្ថកិច្ចជំនាញខណ្ឌដូនពេញ រវល់មួយយប់ទល់ភ្លឺ ក្នុងការតាមស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញា ដែលធ្វើសកម្មភាពប្លន់បុរស១រូបខាងលើនោះ ។
គួររំលឹកថា បុរសកំពុងឌុបកូនដើរលេង ស្រាប់តែក្រុមចោរស្ទាក់វាយពីក្រោយប្ល.ន់ម៉ូតូ និងទូរស័ព្ទរហូតមកដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវដឹងការពិតថា គឺជារឿងប្រឌិត គ្មានករណីប្ល.ន់ម៉ូតូកើតឡើងនោះទេ ហើយនៅវេលាម៉ោងកើតហេតុ គឺបុរសឈ្មោះ លី រ៉ហ្សា បានជិះម៉ូតូយកទៅផ្ញើក្នុងសណ្ឋាគារភ្នំពេញ ។
ជុំវិញករណីខាងលើនេះដែរ គេមិនដឹងថា បុរសរូបនោះមានគោលបំណងអ្វី ឬមានមូលហេតុអ្វីនោះទេ ទើបបានជាប្រឌិតរឿងចោរប្លន់ម៉ូតូ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញរវល់មួយយប់ទល់ភ្លឺក្នុងការតាមស្វែងរកមុខសញ្ញាជនសង្ស័យបែបនេះនោះទេ ។
សូមបញ្ជាក់ថា មានករណីជនសង្ស័យមួយក្រុម បាននាំគ្នាធ្វើសកម្មភាពស្ទាក់វា.យបុរសម្នាក់កំពុងឌុបកូនដើរលេង ហើយប្លន់យកម៉ូតូម៉ាក PCX មួយគ្រឿង និងទូរស័ព្ទបានសម្រេច រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបឹងកក់ ជិតរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកងទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាក PCX ពណ៌ស ស៊េរីឆ្នាំ២០២២ មានស្លាកលេខ ភ្នំពេញ 1JW-4567 ធ្វើដំណើរតាមបណ្តោយផ្លូវបឹងកក់ ដោយឌុបកូនស្រីរបស់ខ្លួនមានវ័យ១ខួបកន្លះ។
ជនរងគ្រោះបន្តថា ខណៈពេលគាត់កំពុងតែឌុបកូនស្រីជិតដល់ចំណុចរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ស្រាប់តែមានក្រុមជនសង្ស័យជិះម៉ូតូ ADV និងម៉ូតូហុងដាឌ្រីម ជិះមកជិតគាត់ ហើយធ្វើសកម្មភាពស្ទាក់វាយក្បាលគាត់ពីក្រោយ រួចប្លន់យកម៉ូតូ ព្រមទាំងទូរស័ព្ទដៃរបស់គាត់ រួចជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
បុរសរងគ្រោះបានបញ្ជាក់ថា ពេលដែលគេវាយក្បាលរបស់គាត់នោះ គឺគាត់ក៏បានលោតចេញពីម៉ូតូ ដោយឱបកូនស្រីរបស់គាត់ជាប់ ព្រោះខ្លាចនាងតូចមានរបួស ទើបជនសង្ស័យឆ្លៀតឱកាសនោះយកទាំងម៉ូតូ និងទូរស័ព្ទបានសម្រេចតែម្ដង។ ហើយគាត់ក៏មិនបានដឹងច្បាស់ដែរថា ក្រុមជនសង្ស័យយកអ្វីមកវា.យគាត់ពីក្រោយដូចគ្នា ដឹងត្រឹមថា ពេលវាយគាត់រួច ក្បាលរបស់គាត់ក៏បែកឈាមតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ព្រមទាំងនាំជនរងគ្រោះ និងកូនស្រីទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកចាប់ខ្លួនក្រុមជនបង្កយកមកអនុវត្តតាមនិតិវិធី៕