ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តួកគី និងកម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា

25

 

ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃ​ទី​១០ ខែមករា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូស្ថានទូតតួរគី ដឹកនាំដោយលោកជំទាវ​ឯកអគ្គ​រដ្ឋ​ទូត Ulku Kocaefe និងបានពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យឧស្សា​ហ​កម្ម និង​បច្ចេកវិទ្យា។

កិច្ចពិភាក្សាបានសង្កត់ធ្ងន់​លើអនុស្សរណៈ​នៃការ​យោគយល់គ្នា (MoU) ចំនួនពីរដែលបានចុះរួចហើយ ដែលផ្តោតលើកិច្ចសហ​ប្រ​តិ​បត្តិការបច្ចេកទេសទាក់ទងនឹងស្តង់ដារនីយកម្ម និងការគាំទ្រ​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម។ កិច្ច​ព្រម​ព្រៀងសហប្រតិបត្តិការមួយទៀតស្តីពី​ការវាយ​តម្លៃទទួលស្គាល់ហាលឡាល់ (Halal Accreditation) ក៏នឹងត្រូវចុះនាពេលខាងមុខផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូតបានលើកឡើងពីការរីកចម្រើនយ៉ាងខ្លាំងក្នុងទំនាក់ទំនងទ្វេភាគី កម្ពុជា-តួរគី ដោយក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៥៦% ក្នុងឆ្នាំ២០២៣។ លោក​ជំទាវ​បាន​គូសបញ្ជាក់អំពីវឌ្ឍនភាពនៃទំនាក់ទំនងនេះថាបានចាប់ពីការបង្កើតស្ថានទូតតួរគីនៅ​កម្ពុជាក្នុងឆ្នាំ ២០១៣ ការបង្កើតស្ថានទូតកម្ពុជានៅទីក្រុងអង់ការ៉ា និងជំរុញដោយដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់​សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសតួរគី នៅឆ្នាំ២០១៨ ដែលធ្វើឱ្យ​ទំនាក់​ទំនង​ទ្វេ​ភាគី និង ពាណិជ្ជកម្មកាន់តែមានសន្ទុះខ្លាំង។

លោកជំទាវក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់តួរគី​ចំពោះការអភិវឌ្ឍរបស់កម្ពុជា ដោយលើកឡើងនូវកិច្ច​សហប្រតិបត្តិការមួយចំនួន ដូចជាការផ្តល់អាហារូបករណ៍ ការបង្កើត​មជ្ឈមណ្ឌលវប្បធម៌តួរគី និង​ការ​បើក​ស្ថានតំណាងពាណិជ្ជកម្មតួរគីនៅក្រុងភ្នំពេញនាពេលថ្មីៗនេះ ជាដើម​​។ លោកជំទាវ​បាន​ជំរុញ​ឱ្យ​មានការធ្វើទស្សនកិច្ចសួនវិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍របស់តួរគី ដោយសារ​សក្តា​នុ​ពល​​ដ៏​​សំខាន់​របស់សួនទាំងនេះសម្រាប់ការអភិវឌ្ឍ​ឧស្សាហកម្ម។

ទន្ទឹមនឹងនេះ លោកជំទាវបានស្នើឱ្យ​ពន្លឿន​ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាយតម្លៃ​ទទួលស្គាល់ Halal ដោយ​បញ្ជាក់ថា តួរគីមានជំនាញស្តង់ដារ Halal និងសុវត្ថិភាពចំណីអាហារ ព្រមទាំង គូស​បញ្ជាក់ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះក្នុងការបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារ និងការលើកកម្ពស់​ពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសំណើនេះ និងបានជំរុញឱ្យមានការចុះហត្ថលេខា និង​អនុវត្ត​អនុស្សរណៈ​នៃការយោគ​យល់​គ្នា​ឱ្យបាន​ឆាប់​។ ដោយកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសតួរគី​សម្រាប់និស្សិតកម្ពុជា តាមរយៈកម្មវិធីអាហា​រូប​ករណ៍ ឯកឧត្តមបានស្នើតួរគីឱ្យផ្តល់វគ្គបណ្តុះ​បណ្តាល​រយៈ​ពេលខ្លី និងកម្មវិធីផ្លាស់ប្តូរសម្រាប់​មន្ត្រីរដ្ឋា​ភិបាល​បន្ថែមទៀត។

ឯកឧត្តមបានជំរុញឱ្យភាគីទាំងសងខាងអនុវត្ដអនុស្សរណៈទាំងនេះឱ្យកាន់តែមានប្រសិទ្ធិភាព និង​បាន​​គូស​បញ្ជាក់ថា កម្ពុជា​បាន​ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រអ្នកវិនិយោគតួរគី។ ឯកឧត្តមបានលើក​ឡើងពី​កំណែទម្រង់ដែល​កំពុង​ត្រូវ​បានអនុវត្តនៅក្នុងងក្រសួង រួមទាំងការពង្រឹងសេវាមន្ទីរពិសោធន៍ និង​​សេវា​គាំទ្រនានា ព្រមទាំងបង្ហាញថាកម្ពុជាជាគោលដៅវិនិយោគដ៏ទាក់ទាញ សម្រាប់ទាំង​ទីផ្សារ​អាស៊ាន និងទីផ្សារ​ក្នុងក្របខណ្ឌនៃកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី រួមមានភាពជាដៃគូសេដ្ឋកិច្ច​ទូលំ​ទូលាយ​ក្នុងតំបន់ (RCEP) ផងដែរ។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យស្ថានតំណាងពាណិជ្ជកម្មតួរគី សហការជាមួយសហគ្រិនខ្មែរ ដើម្បី​កំណត់រកសហគ្រាសធុនតូច និងមធ្យមសំខាន់ៗ ជាដៃគូសក្តានុពលសម្រាប់វិនិយោគិនតួរគី ដែលនឹង​ពង្រឹង​មូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងតួកគី៕

អត្ថបទដែលជាប់ទាក់ទង