ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមផាកពិន័យអ្នកបោះចោលសំរាមផ្តេសផ្តាសខុសម៉ោង និងទីតាំងដែលបានកំណត់ និងស្នើឲ្យពលរដ្ឋញែកសំរាមឲ្យបានត្រឹមត្រូវ

66

 

ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីពង្រឹងតួនាទីភារកិច្ច របស់ភ្នាក់ងារអនាម័យ ក្នុងការត្រៀមផាកពិន័យ ចំពោះអ្នកចោលសំរាម និងសំណល់រឹងខុសម៉ោង និងទីតាំងដែលបានកំណត់ ជាមួយនិងការផាកពិន័យចំពោះការមិនបង់ថ្លៃប្រាក់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងទីប្រជុំជន នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញភ្នាក់ងារអនាម័យនៅតាមសង្កាត់ទាំង១០៥ មកប្រជុំ នៅសាលារាជធានីភ្នំពេញ មុននឹងអនុវត្តការងារនេះឲ្យប្រសើរឡើង។

ដោយយោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំជាមួយភ្នាក់ងារអនាម័យនៅតាមសង្កាត់ទាំង១០៥ អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរបរិស្ថាន មន្ទីរជំនាញពាក់ព័ន្ធ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង និងមន្រ្តីជំនាញ ស្តីពី៖ ការចាប់ផ្តើមអនុវត្តការផាកពិន័យចំពោះអ្នកដែលចោលសំរាម និងសំណល់រឹងខុសម៉ោងពេល និងទីតាំងដែលបានកំណត់ និងអ្នកដែលមិនព្រមបង់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ការផ្លាស់ប្តូរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) វិញ ការអនុវត្តអនុស្សរណៈយោគយល់ រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង ការពង្រឹងតួនាទីភារកិច្ចរបស់ភ្នាក់ងារអនាម័យ នៅតាមសង្កាត់ទាំង១០៥ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ ការអញ្ជើញភ្នាក់ងារអនាម័យនៅតាមសង្កាត់ទាំង១០៥ មកប្រជុំនេះ គឺក្នុងគោលបំណងដើម្បីពង្រឹងតួនាទីភារកិច្ច របស់ភ្នាក់ងារអនាម័យ សហការជាមន្ត្រីបរិស្ថាន ក្នុងការត្រៀមផាកពិន័យ ចំពោះអ្នកចោលសំរាម និងសំណល់រឹងខុសម៉ោង និងទីតាំងដែលបានកំណត់ ជាមួយនិងការផាកពិន័យចំពោះការមិនបង់ថ្លៃប្រាក់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងទីប្រជុំជន។

ឯកឧត្តមបានបន្តថា៖ ភ្នាក់ងារអនាម័យនៅតាមសង្កាត់ទាំង១០៥នេះហើយ ជាភ្នែកជាច្រមុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះត្រូវចុះពិនិត្យឲ្យបានជាប្រចាំ ជុំវិញការទុកដាក់សំរាម សំណល់រឹង ពិសេស របាំងទ្រូងផ្លូវ(ប្លូ) ដាច់ខាត កុំឲ្យមានដី ឬធូលី ប្រឡាក់ ពោលគឺបើឃើញត្រូវជំរាបទៅភ្នាក់ងារក្រុមហ៊ុនប្រមូលសំរាម ដើម្បីមកសំអាតឬកើបចេញ បើមិនដូច្នេះទេ បើអភិបាលរាជធានីភ្នំពេញ ធ្វើដំណើរឆ្លងកាត់ឃើញទ្រូងផ្លូវ(ប្លូ)មានដី ឬធូលី ប្រឡាក់នោះ ភ្នាក់ងារអនាម័យនៅតាមសង្កាត់ ប្រឈមនឹងការផ្លាស់ប្តូរចេញ។

ឯកឧត្តមកបន្តទៀតថា៖ ភ្នាក់ងារអនាម័យនៅតាមសង្កាត់ទាំង១០៥នេះហើយ ជាអ្នកផាកពិន័យ ទៅលើអ្នកចោលសំរាម និងសំណល់រឹងខុសម៉ោង និងទីតាំងដែលបានកំណត់។ យើងបានផ្សព្វផ្សាយ អប់រំច្រើនឆ្នាំមកហើយ វាល្មមដល់ពេលវេលាត្រូវផាកពិន័យ ទៅលើអ្នកចោលសំរាម ខុសម៉ោង និងទីតាំងដែល បានកំណត់ហើយ បើនៅតែអប់រំ ផ្សព្វផ្សាយទៀត ភ្នំពេញមិនដឹងថា ថ្ងៃណាបានស្អាតនោះទេ។

ឯកឧត្តម ហួត ហៃ ក៏បានបញ្ជាក់ថា កម្មវិធីបញ្ចេញសំរាម សំណល់រឹងសម្រាប់ខណ្ឌ៥កណ្តាលរាជធានីភ្នំពេញ ដែលមានដូចជា ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ ចាប់ពីម៉ោង៩ ដល់ ម៉ោង៥ ទៀបភ្លឺ។ ដូច្នេះម៉ោងបញ្ចេញសំរាមមាន ៣ ម៉ោង គឺម៉ោង៦-៩យប់។ បញ្ចេញសំរាមខុសពី ម៉ោងនេះ នឹងទទួលការផាកពិន័យ។ ចំណែកខណ្ឌជាយរាជធានី ចំនួន ០៩ រួមមាន ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ក្រុមហ៊ុននឹងប្រមូល និងដឹកជញ្ជូន ដូចជា ផ្លូវជាតិ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ នៅពេលយប់ វេលាម៉ោង ៩យប់ ដូចច្នេះ ការបញ្ចេញសំរាមត្រូវចាប់ផ្តើមចន្លោះពីម៉ោង ៦យប់ រហូតដល់ម៉ោង ៩យប់ ។ ផ្លូវធំត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ថ្ងៃ (ពេលថ្ងៃ វេលាម៉ោង ៨ ព្រឹក ឬ ពេលយប់វេលាម៉ោង៩) ផ្លូវរណប ៖ ត្រូវប្រមូល និងដឹកជញ្ជូនរៀងរាល់ ០២ថ្ងៃ/១ម្ដង (ពេលថ្ងៃ វេលាម៉ោង ៨ព្រឹក ឬពេលយប់ វេលាម៉ោង ៩)។

ឯកឧត្តមហួត ហៃ បានបញ្ជាក់ទៀតថា៖ កាលពីមានតែក្រុមហ៊ុនស៊ីនទ្រីតែមួយ ការប្រមូលសម្រាមបានចំនួន២៧០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ តែនៅពេលមានក្រុមហ៊ុនប្រមូលសំរាម៣ ក្នុង១ថ្ងៃក្រុមហ៊ុនប្រមូលសំរាមបានប្រមាណ៣៩០០តោនក្នុងមួយថ្ងៃ ហើយក្នុង១តោន រដ្ឋបាលរាជធានី ត្រូវចំណាយថវិកាអោយក្រុមហ៊ុនជាង២០ដុល្លារក្នុងមួយតោន ។ ក្នុងចំនួននេះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចំណាយថវិកាយ៉ាងហោចណាស់ក្នុងមួយខែប្រមាណ២លានដុល្លារសហរដ្ឋអាមេរិក ទៅលើសេវា បង់ថ្លៃ ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងរាជធានីភ្នំពេញ ដោយក្នុងចំនួននេះ រដ្ឋបាលរាជធានី ត្រូវខាតបង់ថវិកាប្រមាណពី៥០ទៅ៦០ម៉ឺនដុល្លារក្នុង១ខែ៕

Worker collecting garbage in Phnom Penh. KT/Pann Rachana)
អត្ថបទដែលជាប់ទាក់ទង