សម្តេចធិបតី ដាក់ចេញផែនការ ស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយៈពេល១ឆ្នាំ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)
ភ្នំពេញ៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញផែនការស្តីពី
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រយៈពេល១ឆ្នាំ(ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤)។
ផ្អែកតាមលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក យើងពិនិត្យឃើញថា កងកម្លាំងអនុវត្តច្បាប់ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែង យ៉ាងសកម្មផុលផុស តស៊ូប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនយ៉ាងក្តៅគគុក ដូចភ្លៀងរលឹម ដោយទទួល បានលទ្ធផលគួរឱ្យកត់សម្គាល់ដូចតទៅ៖
– កម្ពុជាទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសករណីធំៗ និងករណីកែច្នៃផលិតសារធាតុញៀន ត្រូវបានបង្ក្រាប និងកាត់បន្ថយស្ទើរតែគ្មានសកម្មភាពក្នុងឆ្នាំ២០២៣
– ការបន្តស្រាវជ្រាវ បង្ក្រាបបទល្មើសសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយ បានបង្កក រឹបអូសទ្រព្យសម្បត្តិពីក្រុមឧក្រិដ្ឋជនគ្រឿងញៀនបានយ៉ាងច្រើនសន្ធឹកសន្ធាប់ បានរួមចំណែក ធ្វើឱ្យកម្ពុជាចាកចេញពីបញ្ជីប្រផេះនៃ FATF
– លទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើកកន្លងទៅ (២០១៧-២០២៣) កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន៥៥.៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០.៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ប្រមាណ២៧.៦៤១គ.ក្រ និងសារធាតុគីមីផ្សំប្រមាណ៥២០.០០៥គ.ក្រ រួមទាំងមធ្យោបាយ សម្ភារៈនិង វត្ថុតាងជាច្រើនទៀត។ ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវ បានរកឃើញ និងបានបង្ក្រាប បទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំងចំនួន៤៣៥ករណី ឃាត់ខ្លួនមេក្លោង១៦៤នាក់ និងខ្សែរយៈបណ្តាញ៨១១នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ទោះបីជាប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់ ទទួលបានលទ្ធផលជាវិជ្ជមាន ដូចបានពោលខាងលើក្តី ផ្អែកតាមនិន្នាការថ្មីនៃការកែច្នៃផលិត ដឹកជញ្ជូន ជួញដូរសារធាតុញៀនជាសកល និងបញ្ហាថ្មីៗមួយចំនួនទៀត ត្រូវបានកត់សម្គាល់ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបដូចជា៖ ការប្រើប្រាស់ល្បិចកល នាំចូលនូវសារធាតុគីមីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម បន្លំយកមកកែច្នៃផលិតជាសារធាតុញៀន គួបផ្សំនឹងការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ នៅតែជាបញ្ហាប្រឈមរ៉ាំរ៉ៃដែលត្រូវយកចិត្តទុកដាក់ ចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ដោយពិនិត្យឃើញថា ហានិភ័យដែលបណ្ដាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀន នៅតែបន្តរីករាលដាល ទាំងនៅក្នុងតំបន់និងលើពិភពលោក រួមទាំងនៅកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តរៀបចំកសាង ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ដើម្បីការពារកិត្តិយស កិត្យានុភាពជាតិ បញ្ចៀសឱ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅធ្វើឱ្យបរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ក៏ដូចជា ការថែរក្សានូវសុខុមាលភាពសង្គម លើកកម្ពស់ការអភិវឌ្ឍធនធានយុវជន និងបង្កើនភាពកក់ក្ដៅនៅក្នុង សង្គមគ្រួសាររបស់ប្រជាពលរដ្ឋ ដែលមានគោលការណ៍និងវិធានការ ដូចខាងក្រោម៖
– បន្តចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពនូវច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទបញ្ជ លេខ០១បប ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ដោយខិតខំចាត់វិធានការបង្ការ ទប់ស្កាត់ និងបញ្ចៀសឱ្យបាន មិនឱ្យប្រទេសកម្ពុជាក្លាយជា គោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱ្យគ្រឿងញៀនបង្កឥទ្ធិពលញាំញី បំផ្លិចបំផ្លាញ សង្គមជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្ដេជ្ញាចិត្តថា៖ កម្ពុជាជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ «ចូលរួមទាំងអស់ គា្នដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»
– អប់រំបំផុសចលនា លើកទឹកចិត្តឱ្យមានការចូលរួមច្រើនកុះករពីគ្រប់សមាសភាពនៃសង្គម សំដៅ បង្កើតបានជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជាពិសេសស្រទាប់យុវជនក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ស្របតាមទិសស្លោក «៣កុំ ១រាយការណ៍»។ ទន្ទឹមគ្នានេះ ត្រូវជំរុញចលនាផ្សព្វផ្សាយ គោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានសកម្ម ផុលផុសតាមគ្រប់រូបភាព គ្រប់ទីកន្លែង ចំគោលដៅ និងចំមុខសញ្ញ ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីបានជ្រួតជ្រាប យល់ដឹងអំពី គ្រោះថ្នាក់ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្លើយបដិសេធចំពោះគ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀន
– រៀបចំប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ដើម្បីដាក់ឱ្យដំណើរការក្នុងការទទួលព័ត៌មាន និង ចាត់វិធានការដោះស្រាយ និងអន្តរាគមន៍ នៅពេលមានបណ្ដឹង ព័ត៌មាន ឬសំណូមពរពីមជ្ឈដ្ឋាននានា ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
– ជំរុញអនុវត្តវិធានការច្បាប់ និងវិធានការរដ្ឋបាលឱ្យបានម៉ឺងម៉ាត់ និងដូចភ្លៀងរលឹម សំដៅស្រាវជ្រាវ រកឱ្យឃើញបណ្តាញអង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន ឧបាយកល សកម្មភាពទំនាក់ទំនង ការដឹកជញ្ជូន កែច្នៃ ផលិត ជួញដូរគ្រឿងញៀន រួមទាំងទីតាំងប្រមូលផ្ដុំការប្រើប្រាស់គ្រឿងញៀន ដើម្បីបើក ប្រតិបត្តិការបង្ក្រាបឱ្យដល់ឫសគល់ប្រកបដោយប្រសិទ្ធភាព
– ពង្រឹង និងជំរុញយន្តការត្រួតពិនិត្យសារធាតុគីមីផ្សំឱ្យបានរឹងមាំ និងសកម្ម ក្នុងការទប់ស្កាត់ការលួច បង្វែរសារធាតុគីមីផ្សំ យកទៅធ្វើការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។