មន្រ្តីនគបាល២រូប ស្លាប់ និង៣នាក់ទៀត រងរបួសធ្ងន់ ករណីរថយន្ត២គ្រឿង បើកបុកគ្នា ទិសដៅបញ្រ្ចាសគ្នា
ភ្នំពេញ ៖ មន្រ្តីនគបាល២រូប បានស្លាប់បាត់បង់ជីវិត ដោយម្នាក់ជានាយរងប៉ុស្តិ៍ដីឥដ្ឋនិងម្នាក់ទៀត ជាអធិការរងស្រុកកៀនស្វាយ ចំណែកនារី២នាក់ និងបុរសម្នាក់ទៀត ដែលរួមដំណើរជាមួយកំពុងតែសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿង បើកបញ្រ្ចាសទិសបុកគ្នាពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី ១១ខែមករាឆ្នាំ ២០២៤ ចំណុចទល់មុខវត្តចម្ប៉ាលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
១-សពជនរងគ្រោះ មានឈ្មោះ ហេងស៊ីថារ៉ូ ភេទប្រុស អាយុជាង៣០ឆ្នាំជាមន្រ្តីនគបាល តួនាទីជាអធិការងស្រុកកៀនស្វាយ។
២-សពមានឈ្មោះ ម៉ាន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំជាង តួនាទីនាយរងប៉ុស្តិ៍ ដីឥដ្ឋ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915 បើកបរដោយបុរសម្នាក់រួមជាមួយស្រ្តីម្នាក់ទៀត ជាប្រពន្ធ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើទល់មុខនិងវត្តចម្ប៉ា ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក LexusRX350 ពណ៌សពាក់ផ្លាកលេខ នគរបាល 2- 0393 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីចំនួន៤នាក់ទៀត ក្នុងនោះមានមន្រ្តីនគបាល២រូបផងដែរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅបញ្រ្ចាសគ្នាពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុ ពុំដឹងថាមានបញ្ហាមកពីអ្នកបើកបរក៏មកពីរថយន្តនោះទេ ស្រាប់តែរេចង្កូតឆ្លងចូលគន្លងផ្លូវ ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីតចំពីមុខពេញទំហឹងប្លោងខ្ទាតទៅបោកផ្ទប់របង បណ្តាលឲ្យមន្រ្តីនគបាល២រូបបានស្លាប់ ម្នាក់ជានាយរងប៉ុស្តិ៍ដីឥដ្ឋនិងម្នាក់ទៀត ជាអធិការរងស្រុកកៀនស្វាយ ចំណែកបុរសម្នាក់និងស្រ្តី២នាក់ទៀត ដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែង ដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ។ រីឯប្តីប្រពន្ធ២នាក់ ដែលបើករថយន្តកាមរីហាយប្រ៊ីត ត្រូវសមត្ថកិច្ចឃាត់បានយកទៅសួរនាំបន្ត។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយ នឹងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅចុះមកដល់រួចក៏ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏បានទាក់ទងទៅជំនាញចរាចរណ៍ក្រុងបន្ត ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុយករថយន្តទាំង២គ្រឿង ទៅរក្សាទុក្ខនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ។
ចំណែកឯសពសមត្ថកិច្ច ធ្វើកំណត់ហេតុឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕