រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ដល់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋនូវែលហ្សេឡង់
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានគោលនយោបាយ គាំពារវិនិយោគល្អជាងគេ ជាមួយសក្តានុពលខ្ពស់ខាងវិស័យកសិកម្ម ឧស្សាហកម្មកម្មន្តសាល (ធុនស្រាល) បច្ចេកវិទ្យា និងសេវាកម្ម ដែលវិនិយោគិននូវែលហ្សេឡង់ អាចទទួលបានអត្ថប្រយោជន៍ច្រើន និងប្រាក់ចំណេញខ្ពស់ពីការវិនិយោគ។ ក្នុងនោះឱកាសនោះ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋនូវែលហ្សេឡង់ បានសន្យានឹងជួយកៀរគរវិនិយោគិននូវែហ្សេឡង់ ឱ្យមកបណ្តាក់ទុនកាន់តែច្រើន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នោះ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Tahamoana Aisea Cluny MacPherson ឯកអគ្គរដ្ឋទូតសាធារណរដ្ឋនូវែលហ្សេឡង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ប្រជុំតាព្រហ្ម នៃទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកទីផ្សារថ្មីៗ ការកៀងគរវិនិយោគិន ដើម្បីពិពិធកម្មវិស័យការងារ និងការដាក់ចេញគោលនយោបាយ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម នៅកម្ពុជា។
លោករដ្ឋមន្ត្រី បានជម្រាបជូន ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ អំពីអត្ថប្រយោជន៍នៃគោលនយោបាយគាំពារវិនិយោគរបស់កម្ពុជា ចំនួន ៦ចំណុចគឺ៖ មិនរើសអើងជាតិសាសន៍ មិនរឹបអូសទ្រព្យ មិនត្រូវការដៃគូក្នុងស្រុក មិនកំណត់តម្លៃទំនិញនិងសេវាកម្ម មិនកំហិតរូបិយប័ណ្ណបរទេស និងមិនត្រួតត្រាទុនវិនិយោគ ព្រមទាំងសក្តានុពលនៃវិស័យកសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងឧស្សាហកម្មកម្មន្តសាល។
“កម្ពុជាមានគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិផលមិនទាន់កែច្នៃច្រើន! យើងចង់បានវិនិយោគិននូវែលហ្សេឡង់ មកវិនិយោគលើវិស័យកម្មន្តសាល ដើម្បីផ្ទេរជំនាញ និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិផល ដើម្បីជំរុញការនាំចេញ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា” លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
ជាការឆ្លើយតប លោក Tahamoana Aisea Cluny MacPherson បានកោតសរសើរកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានល្អៗ ទាក់ទិនកាលានុវត្តភាពវិនិយោគ និងសក្តានុពលរបស់កម្ពុជា។
ឯកអគ្គរដ្ឋទូតរូបនេះ បានសម្តែងការចាប់អារម្មណ៍ចំពោះគម្រោង Plus One នៅតាមតំបន់សេដ្ឋកិច្ចពិសេស និងបានសន្យាផ្សព្វផ្សាយដំណឹងនេះ ដល់មន្ត្រីទទួលបន្ទុកផ្នែកពាណិជ្ជកម្មនូវែលហ្សេឡង់ ដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាជួយកៀរគរវិនិយោគិននូវែហ្សេឡង់ ឱ្យមកបណ្តាក់ទុនកាន់តែច្រើន នាពេលអនាគត៕