អ្នករត់ម៉ូតូឌុបម្នាក់ របួសធ្ងន់ធ្ងរ ដោយជនសង្ស័យម្នាក់កាប់ប្លន់ពូម៉ូតូឌុប បានសម្រេចនៅក្រុងអរិយក្សត្រ
កណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា អ្នករត់ម៉ូតូឌុបម្នាក់ បានរបួសធ្ងន់ធ្ងរ ដោយជនសង្ស័យម្នាក់កាប់ប្លន់ពូម៉ូតូឌុប បានសម្រេចនៅក្រុងអរិយក្សត្រ ខណៈឲ្យជិះឌុបជនរងគ្រោះ បានឌុបជនសង្ស័យទៅខាង ភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ពេលជិះទៅដល់មុខវត្តសារិកាកែវ ជនសង្ស័យបានឲ្យជនរងគ្រោះជិះចុះតាមផ្លូវលំកាត់ព្រៃត្រែង ទៅខាងមាត់ទន្លេ ពេលដល់ក្នុងព្រៃត្រែងជនសង្ស័យ ក៏ធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់ជនរងគ្រោះបានដួល ហើយជនសង្ស័យក៏យកម៉ូតូជនរងគ្រោះ ជិះត្រឡប់ក្រោយមកខាងភូមិអរិយក្សត្រគេចខ្លួនបាត់ ។
សូមរំលឹកថា បើតាមគណនីហ្វេសប៊ុឈ្មោះ Pich bunny ដែលបានបង្ហោះមានខ្លឹមសារថា«ករណីកាប់ប្លន់ពូម៉ូតូឌុបបានសម្រេច នៅក្រុងអរិយក្សត្រថ្ងៃទី១០ខែមករាឆ្នាំ២០២៤ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ក្នុងក្រុងអរិយក្សត្រនេះ មានការព្រួយបារម្ភដល់សុវត្ថិភាពក្រុមគ្រួសារ និងពុកម៉ែបងប្អូនទាំងអស់ ដែលនៅក្រុងអរិយក្សត្រ សូមស្នើសុំដល់អភិបាលក្រុង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយត្រួតពិនិត្យលើករណីចោរឆក់ ចោរប្លន់ផង។ មួយរយៈនេះមានករណីចោរឆក់កាបូក ចោរកាប់ប្លន់ចោរលួច និងករណីគឿងញៀនជាច្រើន ជាបន្តបន្ទាប់ ហើយក៏សូមពុកម៉ែបងប្អូនទាំងអស់ ប្រុងប្រយ័ត្នទាំងអស់គ្នាផង»។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញខេត្ត និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ ជាលទ្ធផល ករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ដែលកើតហេតុនៅថ្ងៃទី១០ ខែមករាឆ្នាំ២០២៤ វេលាម៉ោង ១៧:៣០នាទីនៅចំណុច ក្នុងព្រៃត្រែងមាត់ទន្លេមុខវត្តសារិកាកែវ ភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន១នាក់ ឈ្មោះ នួន សារួន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យចំនួន១ នាក់មិនស្គាល់អត្តសញ្ញាណ)។
សម្ភារបាត់បង់ម៉ូតូម៉ាកHONDA C125 ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HV-0614 ១គ្រឿង។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ពីសភាពរឿងហេតុថា នៅថ្ងៃទី១០ ខែមករាឆ្នាំ២០២៣ វេលាម៉ោង១៧:២៥នាទី ជនសង្ស័យបានឆ្លងទូកដរមកពីខាងជ្រោយចង្វា រាជធានីភ្នំពេញ មកដល់ខាងកំពង់ទូកដរស្វាយជ្រំ សង្កាត់ស្វាយជ្រំ បានហៅម៉ូតូជនរងគ្រោះ ដែលជាអ្នករត់ម៉ូតូឌុប ឲ្យជិះឌុបទៅខាង ភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ពេលជិះទៅដល់មុខវត្តសារិកាកែវ ជនសង្ស័យបានឲ្យជនរងគ្រោះជិះចុះតាមផ្លូវលំកាត់ព្រៃត្រែងទៅខាងមាត់ទន្លេ ពេលដល់ក្នុងព្រៃត្រែងជនសង្ស័យក៏ធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់ជនរងគ្រោះបានដួល ហើយជនសង្ស័យក៏យកម៉ូតូជនរងគ្រោះ ជិះត្រឡប់ក្រោយមកខាងភូមិអរិយក្សត្រគេចខ្លួនបាត់តែម្តង ។ ចំណែកជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ។
ករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កំពុងបន្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យយកមកផ្តន្ទាទោសឲ្យខានតែបាន៕