ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព្រមានគណបក្សនយោបាយ ដែលបានចុះឈ្មោះចូលរួម ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព ដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ព្រមានទុកជាមុនចំពោះគណបក្សនយោបាយ ដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី(ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះចំណុចទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា «ការយល់ព្រមដោយចំហ ឬដោយតុណ្ហភាព ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន» គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបានហាមឃាត់។