ស្នើដល់និសិ្សតពេទ្យ ត្រូវគោរព ក្រមសីលធម៌ នៅពេលចេញទៅប្រកបវិជ្ជាជីវៈ ខណៈគ្រូពេទ្យមានចារិតមិនថ្លៃថ្នូរ
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានស្នើដល់និស្សិតពេទ្យគ្រប់រូប ត្រូវខិតខំលើកកម្ពស់ និងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ នៅពេលដែលចុះធ្វើកម្មសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈរបស់ខ្លួន ។ ខណៈពេលដែលគ្រូពេទ្យមួយចំនួនទទួល រងនូវការរិះគន់ពីមជ្ឈដ្ឋាននានា ថាធ្វើអត្តចារិត និងអកប្បកិរិយាមាទ មិនថ្លៃថ្នូរសមជាគ្រូពេទ្យនោះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានប្រាប់ដល់និស្សិតពេទ្យ ទៀតថា នៅពេលកំពុងសិក្សារៀនសូត្រ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព កម្លាំងកាយចិត្ដ ដើម្បីក្រេបយកចំណេះវិជ្ជានេះ យកទៅប្រើប្រាស់ប្រកបដោយសមត្ថភាព គុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់អ្នកជំងឺ។
ក្នុងឱកាសអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០១៨-២០១៩ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០១៨នេះ លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលវិញ ត្រូវខំខិតបន្ដលើកកម្ពស់គុណភាព នៃការបណ្ដុះបណ្ដានូវចំណេះជំនាញ និងវិធីសាស្ដ្របង្រៀនថ្មីៗទាន់សម័យបច្ចុប្បន្ន ទាំងឧបករណ៍ ទ្រឹស្ដី ដើម្បីធានាបានថា និស្សិតរបស់យើង ទទួលបាននូវចំណេះដឹង ជំនាញ និងឥរិយាបថល្អ។
លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានថ្លែងថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីបណ្ដុះបណ្ដាលចំណេះជំនាញជូនដល់និស្សិត ពោរពេញទៅដោយសមត្ថភាព ចំណេះជំនាញយ៉ាងពិតប្រាកដ ។ សាកលវិទ្យាល័យ បាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យកាន់មានភាពល្អប្រសើរឡើង នូវគុណភាពនៃការបណ្ដុះបណ្ដាលស្របតាមចក្ខុវិស័យរបស់ខ្លួន ដែលប្រែក្លាយសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ជាថ្នាលបណ្ដុះបណ្ដាលឈានមុខគេ ក្នុងវិស័យវិទ្យាសាស្ដ្រសុខាភិបាល ដែលទទួលបាននូវការទទួលស្គាល់ថ្នាក់ជាតិ និងអន្ដរជាតិ ហើយជាមជ្ឈដ្ឋានមួយ ដែលគ្រូ និស្សិត មន្ដ្រី និងបុគ្គលិក សុទ្ធតែខិតខំនាំមកនូវ ឧត្ដមភាព ក្នុងការបង្រៀន ការសិក្សា ការស្រាវជ្រាវ និងការផ្ដល់សេវាសាធារណៈ ព្រមទាំងដំណើរការបណ្តុះបណ្តាលលើគ្រប់មុខជំនាញ និងគ្រប់កម្រិត ក្នុងវិស័យសុខាភិបាល ពិសេសបានដំណើរការថ្នាក់កម្មវិធីអន្តរជាតិ ផ្នែកវេជ្ជសាស្រ្ត ផ្នែកគិលានុបដ្ឋាក និងផ្នែកឱសថសាស្រ្ត៕