កម្លាំងអាជ្ញាធរជាតិអប្សរា២នាក់ ចាប់ទាញកអាវជនរងគ្រោះជាប់ ហើយបានទះកំភ្លៀងមួយដៃ និងទាត់មួយជើងបន្ថែមទៀត
សៀមរាប ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ករណីការប្រើហិង្សាដាក់លើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទុអង្គរវត្ត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ម្នាក់ឈ្មោះ សុខ សៀន និងឈ្មោះ ហៃ រដ្ឋា ទៅតាមបញ្ជារបស់ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីបន្តអនុវត្តនីតិវិធី។
នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានជម្រាបជូនអ្នកនិយមតាមដានព័ត៌មាន នៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៣៥នាទី មានករណីបុគ្គលិកអាជ្ញាធរជាតិអប្សរា ប្រើហិង្សាដោយចេតនា ទៅលើក្មេងដើរលក់កូនអណ្ដើកនៅមុខប្រាសាទអង្គរ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់តាំងកម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីបុគ្គលិកអាជ្ញាធរជាតិអប្សរា ប្រើហិង្សាដោយចេតនាទៅលើក្មេងដើរលក់កូន អណ្ដើកនៅមុខប្រាសាទអង្គរ ដែលលទ្ធផលទទួលបានមានដូចខាងក្រោម៖ ជាក់ស្តែងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងបានធ្វើការសាកសួរជនរងគ្រោះដែលមានឈ្មោះ ណុល សំណាង អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី ខ្លួនបានចាប់សត្វអណ្ដើកចំនួន ៧ក្បាល ពីក្នុងកសិន្ទុអង្គរវត្ត ហើយនៅវេលាម៉ោង ១៧:៣០នាទី ឈ្មោះ ណុល សំណាង និងឈ្មោះ ទី ណើត ភេទប្រុស អាយុ ១៥ឆ្នាំ និងម្នាក់ ទៀតឈ្មោះ បាយ ប៊ឺត ភេទប្រុស អាយុ ២២ឆ្នាំ បានដើរលក់កូនអណ្ដើកនៅចំណុចបានហាលអង្គរវត្ត ពេលនោះឈ្មោះ ណុល សំណាង បានលក់ដាច់អស់កូនអណ្ដើកចំនួន ៥ក្បាល បានប្រាក់ចំនួន ៥ម៉ឺនរៀល ស្រាប់តែមានកម្លាំងអាជ្ញាធរជាតិអប្សរាមានគ្នាប្រហែលជា៤ ទៅ៥នាក់ ដេញចាប់ពួកគេ ពេលនោះឈ្មោះ ទី ណើត និងឈ្មោះ បាយ ប៊ីត បានរត់ចូលព្រៃ និងលោតចូលទឹកកសិន្ធុអង្គរអស់ទៅ នៅសល់ឈ្មោះ ណុល សំណាង ត្រូវបានកម្លាំងអាជ្ញាធរជាតិអប្សរាចាប់បាន ហើយបានចាប់ទាញកអាវជនរងគ្រោះជាប់ហើយបានទះកំភ្លៀងមួយដៃ និងទាត់ចំនួនមួយជើងបន្ថែមទៀត ហើយនាំជនរងគ្រោះទៅចំណុចក្បែរមាត់ទឹកមុខស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ដើម្បីរង់ចាំឡានមកដឹកយកទៅឲ្យជំនាញ ខណៈពេលនោះជនរងគ្រោះយំមិនឈប់ ទើបឈ្មោះ សុខ សឿន ស្រែកថា ហ្មង ឈប់យំអត់? ហើយគេបានដើរមកពីមុខជនរងគ្រោះ និងធ្វើសកម្មភាពទះកំភ្លៀងចំសៀតផ្កាខាងឆ្វេង និងឈ្មោះ ហៃ រដ្ឋា បានដើរទៅខាងក្រោយជនរងគ្រោះ ទាត់ថែមមួយជើងទៀត ដល់ពេលឡានមកដល់ទើបពួកគេយកជនរងគ្រោះទៅប្រគល់ឲ្យមន្ត្រីបរិស្ថាននៅកន្លែងស្នាក់ការតំបន់ការពារទេសភាពអង្គរ ដែលមានទីតាំងនៅទល់មុខឆែកសំបុត្រចូលតំបន់អង្គរ ។
ហើយចំពោះករណីនេះត្រូវបាន សមត្ថកិច្ចធ្វើការស្រាវជ្រាវនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយឈានដល់ការឃាត់ខ្លួនឈ្មោះ សុខ សឿន និងឈ្មោះ ហៃ រដ្ឋា ទៅតាមបញ្ជារបស់ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ៕