ចាប់ស្ត្រីជាមេតុងទីនម្នាក់ ដែលបោកប្រមូលលុយ ជាង៣០ម៉ឺនដុល្លារ រត់គេច
ភ្នំពេញ៖ ស្ត្រីជាមេតុងទីនម្នាក់ ដែលបានប្រមូលយកលុយរួចរត់គេចខ្លួន រយៈពេលជាង៥ខែកន្លងមក ត្រូវបានកូនតុងទីនដើរស្វែងរកគ្រប់ច្រកល្ហក រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រទះឃើញនៅក្នុងផ្សារកាណាស៊ីធី ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ប្រគល់ឲ្យនគរបាលបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់។
កូនតុងទីនជាច្រើននាក់ បានឲ្យដឹងថា ស្ត្រីដែលជាមេតុងទីនពូកែខាងបោកនោះឈ្មោះ ឆេង សារ៉ា អាយុជាង៣០ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកសមាជិកដែលចាញ់បោក ស្ត្រីរូបនេះ មានចំនួនជិត៥០០នាក់ ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា។ កូនតុងទីន ធ្វើការចោទប្រកាន់ស្ត្រីដែលជាមេតុងទីន ថាបានរំលោភលើទំនុកចិត្តដោយបានបោកប្រមូលយកលុយពួកគាត់ជាង៣០ម៉ឺនដុល្លារ រួចគេចខ្លួនបាត់ស្រមោលរយៈពេលជាង៥ខែកន្លងមកហើយ និងបានយកលុយទៅទិញរថយន្តឡិចស៊ីស៥៧០ជិះ និងទិញដីជាច្រើន កន្លែងថែមទៀតផង។
កូនតុងទីនម្នាក់ៗ បានខាតបង់លុយទៅលើស្ត្រីមេបោកនោះ រាប់ពាន់រាប់ម៉ឺនដុល្លារ ដែលសរុបទាំងអស់ជិត៣០ម៉ឺនដុល្លារ។ ក្រោយពេលចាប់ខ្លួនស្ត្រីជាមេតុងទីននោះ សមាជិកកូនតុងទីនដែលចាញ់បោក បាននាំគ្នាទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដាក់ពាក្យបណ្តឹងស្ត្រីរូបនោះ។ ការលេងតុងទីននេះ ក្នុង១ក្បាល ចាប់ពី ២០.០០០រៀល ដល់១០០ដុល្លារ ហើយអ្នកខ្លះលេងចាប់ពី៣ក្បាល ទៅដល់១០ក្បាល ទៅតាមលទ្ធភាព។
ពួកគាត់ទាំងនោះ បាននិយាយថា បានលេងតុងទីនជាមួយស្ត្រីឈ្មោះ ឆេង សារ៉ា នោះអស់រយៈពេល៦ឆ្នាំមកហើយ ដែលអ្នកផ្សារទាំងអស់ ព្រោះនាងជាអ្នករកស៊ីបោះដុអីវាន់ចាប់ហួយនៅផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា។ ប៉ុន្តែការលេងតុងទីនជាមួយគ្នាកន្លងមកនេះ មិនដែលមានបញ្ហាអ្វីកើតឡើងឡើយ ទើបតែនៅចុងក្រោយនេះ ស្ត្រីនេះមានគំនិតបោកប្រាស់ ប្រមូលយកលុយរត់គេចខ្លួនបាត់៕