រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង៖ នាព្រឹក ថ្ងៃទី៣ ខែ វិច្ឆិកា ២០១៨ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើកទី១៣ ស្ថិតនៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សម្តេចក្រឡាហោម បានថ្លែងថា ដោយមានការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាល ក៏ដូចជាមានសុច្ឆន្ទៈខ្ពស់ក្នុងការចូលរួមយ៉ាងសកម្មជាមួយចលនារបស់ពិភពលោក ក្នុងការទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចណ៍ឲ្យមកនៅកម្រិតទាបបំផុត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍រៀបចំទិវានេះក្នុងគោលបំណង ដើម្បីរំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ដោយការបើកបរមិនគោរពច្បាប់ តាមរយៈបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ការបើកបរហួសល្បឿនកំណត់ ការវ៉ាជែងក្នុងស្ថានភាពគ្រោះ ថ្នាក់ ការដឹកលើសទំងន់កំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
របាយការណ៍បានបញ្ជាក់ថា ត្រីមាសទី៣ ឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៧៤៥លើក បណ្ដាលឲ្យស្លាប់ចំនួន៣៨៣នាក់ និងរបួសចំនួន១,០២៨នាក់ អ្នកស្លាប់ភាគច្រើន នៅរាជធានីភ្នំពេញ ចំនួន៤៧នាក់ ខេត្តកំពង់ធំ ចំនួន៣៨នាក់ និងខេត្តកំពង់ស្ពឺ ចំនួន៣០៤នាក់ ចំនួនជនរងគ្រោះជាមធ្យម ក្នុងមួយថ្ងៃស្លាប់ចំនួន៤.៣នាក់ និងរបួសចំនួន១១.៤នាក់។
សូមបញ្ជាក់ថា ទិវាអន្តរជាតិរំលឹកដល់ជន រងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ រៀបចំតាំងពីឆ្នាំ ២០០៦ ហើយដែលប្រារព្វលើកទី១ ធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៦៕