ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៤នាក់បាត់បង់ជីវិត និង ៣នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារបុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនបុករះ

61

ភ្នំពេញ៖

បុរសម្នាក់សង្ស័យថាស្រវឹងស្រាខ្លាំងបានបើករថយន្តម៉ាកfordranger មួយគ្រឿងចុះពីលើស្ពាន ក្នុងល្បឿនលឿនមកបុករះពីក្រោយរថយន្ត២គ្រឿង និងម៉ូតូ៤គ្រឿង ដែលឈប់រង់ចាំស្តុប បណ្ដាលឲ្យមនុស្សប្រុសស្រី៤នាក់បានស្លាប់និង៣ នាក់ទៀតរងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ករណីគ្រោះថ្នាក់ចរាចណ៍ខាងលើនេះដែរ បានកើតឡើងនៅ ចំណុចគល់ស្ពានឬស្សីកែវ លើផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កើតហេតុនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃសៅរិ៍ទី២០ ខែមករា ឆ្នាំ២០២៤។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាកTOYOTAVITZ ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BB-4208បើកបរដោយបុរសម្នាក់ និងមួយគ្រឿងទៀតម៉ាក Lexusnx200tពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ 2BT-3739 បើកបរដោយបុរសម្នាក់រួមនិងម៉ូតូចំនួន៤គ្រឿងបន្ថែមទៀត មួយគ្រឿងម៉ាក Honda Click ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AP-7471 ជិះដោយស្រ្តី២នាក់ឌុបគ្នាម៉ូតូមួយគ្រឿងតៀតម៉ាក Honda Beat ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1KG -7548 ជិះដោយបុរសម្នាក់
រួមនិងម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-3821 ជិះដោយស្រ្តីម្នាក់និង ម៉ូតូម៉ាក Honda Scoopy ពណ៌ស មិនចាំផ្លាកលេខ ជិះដោយស្រ្តី២នាក់ បានឈប់រងចាំភ្លើងស្តុបនៅក្រោមស្ពានអាកាសឬស្សីកែវទន្ទឹមគ្នា ពេលនោះដែរស្រាប់តែមានបុរសម្នាក់ បើករថយន្តបង្កម៉ាក fordrangerពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកចុះពីលើស្ពាន ទិសដៅពីកើតមកលិចសំដៅមកស្ពានឬស្សីកែវ យ៉ាងលឿនក៏មកបុកពីក្រោយរថយន្ត២គ្រឿង និងម៉ូតូចំនួន៤គ្រឿងបន្ថែម បណ្តាលឲ្យស្លាប់ចំនួន៤នាក់ នៅក្នុងនោះមានស្រ្តី៣នាក់​និងបុរសម្នាក់ ចំណែកឯបុរសនិងស្រ្តី៣នាក់បន្ថែមទៀត រងរបួសធ្ងន់និងស្រាលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តទាំង៣នាក់ សមត្ថកិច្ចឃាត់បាន។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ នាង សំអូន អាយុ ៥៦ឆ្នាំ ភេទប្រុស មុខរបរមន្រ្តី ក្រសួងហិរញ្ញវត្ថុ បើកបរល្បឿនលឿន ក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤)។
ចំណែកអ្នកស្លាប់ទាំង៤នាក់មានឈ្មោះ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) និង ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១J-៣៨២១ បើកបរដោយឈ្មោះ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត មានទីលំនៅខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ) ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ បើកបរដោយ ឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងសំណង់ និងឈ្មោះ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ស្លាប់ទាំង ២ នៅកន្លែងកើតហេតុ)។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់វាស់វែង ធ្វើកំណត់ហេតុយករថយន្ត៣ គ្រឿង និងម៉ូតូ៤គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯអ្នករងរបួសធ្ងន់ស្រាល បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទដែលជាប់ទាក់ទង