ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ីបង្ខំចិត្តផ្អាកប្រតិបត្តិការមួយចំនួន នៅឯស្ថានីយ៍នាំចេញឥន្ធនៈដ៏ធំមួយ ក្នុងតំបន់សមុទ្របាល់ទិក ដោយសារតែមានអគ្គិភ័យ

102

មូស្គូ៖ ក្រុមហ៊ុនថាមពលរុស្ស៉ី Novatek បានឲ្យដឹងនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ខ្លួនត្រូវបង្ខំចិត្តផ្អាកប្រតិបត្តិការមួយចំនួន នៅឯស្ថានីយ៍នាំចេញឥន្ធនៈដ៏ធំមួយក្នុងតំបន់សមុទ្របាល់ទិក ដោយសារតែមានអគ្គិភ័យ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន រាយការណ៍ថាជាការវាយប្រហារដោយយន្តហោះដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

អគារ Ust-Luga មានទីតាំងនៅលើតំបន់ឈូងសមុទ្រហ្វាំងឡង់ ចម្ងាយប្រហែល ១៧០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង St. Petersburg ត្រូវបានប្រើប្រាស់បម្រើឲ្យការដឹកជញ្ជូនផលិតផលប្រេង និងឧស្ម័នទៅកាន់ទីផ្សារអន្តរជាតិ។ រដ្ឋបាលក្នុងតំបន់ បានឲ្យដឹងថា គ្រឿងបរិក្ខារនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅជុំវិញ ក្នុងតំបន់ Leningrad ត្រូវបានដាក់ឲ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ ជាមួយនិងបទបញ្ជារឲ្យកម្ទេចយន្តហោះដ្រូនមួយគ្រឿងពីអង្គភាពសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់។

ទីភ្នាក់ងារសារព័ត៌មាន The Interfax-Ukraine បានរាយការណ៍ដោយមិនបញ្ជាក់ប្រភពថា អគ្គិភ័យនេះគឺជាលទ្ធផលនៃប្រតិបត្តិការពិសេសមួយ ធ្វើឡើងដោយសេវាសន្តិសុខរបស់អ៊ុយក្រែន។ យ៉ាងនេះក្តី Reuters មិនអាចបញ្ជាក់ព័ត៌មានដោយឯករាជ្យបានទេ។ ប្រសិនបើជាការពិត ការវាយប្រហារបែបនេះនឹងបង្ហាញពីសមត្ថភាពរបស់ទីក្រុងកៀវ ក្នុងការធ្វើការវាយប្រហារកាន់តែជ្រៅទៅចូលទឹកដីរុស្ស៉ី ដោយប្រើយន្តហោះដ្រូនផលិតក្នុងស្រុក ចំពោះមុខការរការពារនៅឯសមរភូមិ និងការតស៊ូដើម្បីរក្សាបាននូវការផ្តល់ជំនួយពីសំណាក់ប្រទេសលោកខាងលិច។

គួរបញ្ជាក់ថា គេនៅមិនទាន់ច្បាស់ទេថាការផ្អាកប្រតិបត្តិការនៃស្ថានីយ៍នាំចេញប្រេងនេះ នឹងមានរយៈពេលយូប៉ុណ្ណា និងថាតើមាននាវាដឹកប្រេងប៉ុន្មានគ្រឿងត្រូវទុកចោលនៅខាងក្រៅកំពង់ផែ ហើយវាជះឥទ្ធិពលបែបណាទៅលើទីផ្សារថាមពលអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង