ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាបុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ នន់ កុសល់ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឲ្យអតិថិជនខ្ចី។
បច្ចុប្បន្ននាយកដ្ឋានបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។
នាយកដ្ឋានសូមបន្តក្រើនរំលឹកសាធារណៈជនទាំងអស់ថា ការផ្តល់កម្ចីជាអាជីវកម្មជូនប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់មានចែងក្នុងមាត្រា៥១ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអាចឈានទៅដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ។ ចំពោះទំនាក់ទំនងសិទ្ធិលើបំណុលម្ចាស់បំណុលនៅតែមានសិទ្ធិប្តឹងទាមទារបំណុលពីកូនបំណុលស្របតាមនីតិវិធីនៃច្បាប់ទៅកាន់ស្ថាប័នតុលាការ។ ហេតុដូច្នេះសូមសាធារណ:ជន ជៀសវាងការកម្ចីប្រាក់ក្រៅប្រព័ន្ធដែលធ្វើឲ្យមានហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចគ្រួសារ និងឈានដល់ការរងនូវការបរិហាកេរ្តិ៍គ្រប់រូបភាពពីសំណាកក្រុមកម្ចីខុសច្បាប់ទាំងនោះ។
សូមរំលឹកថា ធនាគារជាតិនៃកម្ពុជា បានពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលវិបាកនៃការប្រើប្រាស់កម្ចីខុសច្បាប់។
ធនាគារជាតិនៃកម្ពុជាបានកក់សម្គាល់ឃើញថា ថ្មីៗនេះក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយ ជាសាធារណៈយ៉ាងសកម្មតាមរយៈបណ្តាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទ ជាដើម” អាស្រ័យហេតុនេះ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនពីផលវិបាកធំៗ ដែលបណ្ដាលមកពី ការប្រើប្រាស់កម្ចីខុសច្បាប់ ដូចខាងក្រោម ៖
អតិថិជនអាចប្រឈមមុខនឹងបំណុលវ័ណ្ឌក ដោយសារអត្រាការប្រាក់និងកម្រៃសេវាផ្សេងៗ ខ្ពស់យ៉ាងខ្លាំងជាងគ្រឹះស្ថានដែលស្របច្បាប់ និងការគណនាការប្រាក់ពុំត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ
អតិថិជនអាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យដែលមិនសមហេតុផលទៅក្រុមហ៊ុនវិញ ទ្រព្យធានារបស់អតិថិជនអាចត្រូវបានក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់ រឹបអូសដោយ ពុំឆ្លងកាត់ការសម្រេចពីតុលាការ ជាដើម។
សូមសាធារណជនជ្រាបជាព័ត៌មាន និងស្នើសុំសាធារណជន បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់សេវាកម្មកម្ចីពីក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីដែលគ្មានច្បាប់ អនុញ្ញាតទាំងនោះ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបានកំពុងនឹងស្នើសុំការសហការពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន ឬ អ្នកផ្ដល់កម្ចីខុសច្បាប់គ្រប់រូបភាពទាំងអស់។
ធនាគារជាតិ នៃ កម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសេចក្តីថ្លែងការណ៍រួមថា នាពេលថ្មីៗនេះ យើងសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុ ក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យ
សាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គមតាមរយៈ ការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាព ហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល។
ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកប អាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និង ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់។
ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ និងការផ្សព្វផ្សាយនានា តាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាដល់ការផ្តល់ឥណទានខុសច្បាប់ ហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាត ចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា។ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា សូមប្រជាពលរដ្ឋដែលមានព័ត៌មាន ពាក់ព័ន្ធនឹងសកម្មភាពផ្តល់ឥណទានខុសច្បាប់ រាយការណ៍មក ធនាគារជាតិនៃកម្ពុជា ៕