បេក្ខជននិទ្ទេស A នឹងបានជួបជាមួយសម្តេចអគ្គនាយករដ្ឋមន្ត្រី នាថ្ងៃទី៨ ខែវិច្ឆិកា
ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសពីការអនុញ្ញាតឱ្យបេក្ខជននិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ ចូលជួបសំដែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្រ្តី។
បើតាមក្រសួងអប់រំ ក្រៅពីបេក្ខជននិទ្ទេស A ហើយនោះ គឺនាយក នាយិកាសាលា ដែលមានបេក្ខជននិទ្ទេស A និងឪពុកម្តាយរបស់បេក្ខជន ក៏អាចចូលរួមជាមួយកូនបានដែរ។
បេក្ខជនប្រឡងជាប់សញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) នៅឆ្នាំ២០១៨នេះ មានចំនួន ៥៥៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ។ ក្នុងចំណោមបេក្ខជនប្រឡងជាប់ទាំងនេះ មានបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤០៥ នាក់ ។ និទ្ទេស B មានចំនួន ២ ៨០១ ។ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ ។ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។ ក្នុងនោះ បេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧,២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦,៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់ ៕