ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តាញសង្គមហ្វេសប៊ុក បរិយាយពីក្រុមចោរ ឆក់កាបូប បណ្តាលឲ្យបុរសម្នាក់ស្លាប់

102


ភ្នំពេញ៖ បន្ទាប់ពីមានហេតុការណ៍ចោរឆក់កាបូប បណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែបើកម៉ូតូដេញតាមក្រុមចោរឆក់ ដែលបានឆក់កាបូបប្រពន្ធរបស់ខ្លួន តែមិនដឹងថាមានអ្នកបិទគូទនៅពីក្រោយ ស្រាប់តែចោរដែលបិទគូទនោះ បានជិះមកធាក់គាត់ឲ្យដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង ហើយហេតុការណ៍នេះផងដែរ ត្រូវបានលោកផៃ ស៊ីផាន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ប្រាប់សារព័ត៌មានមួយថា សមត្ថកិច្ច ហើយនិងតុលាការ គួរតែមានវិធានការ និងធ្វើឲ្យមានប្រសិទ្ធភាព ដើម្បីបង្រាបក្រុមចោរឆក់នៅលើដងវិថី ដែលនេះគឺជាបញ្ហាដ៏រាំរ៉ៃ នៅក្នុងរាជធានីភ្នំពេញ ដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច នៅពេលធ្វើដំណើរនៅលើដងផ្លូវ។

លោក ផៃ ស៊ីផាន បានថ្លែងថា មិនគួរបណ្តែតបណ្តោយលើបញ្ហានេះទៀតនោះទេ។ លោក ផៃ ស៊ីផាន បានលើកឡើងនៅតាមបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះ “សមត្ថកិច្ច និងតុលាការ គួរស្វែងរកវិធានប្រសិទ្ធិភាពណាមួយ បង្ក្រាបបទឧក្រិដ្ធនេះ។ មិនគួរបណ្តោយទេ”។

ប៉ុន្តែទោះយ៉ាងណា លោកឧកញ៉ាឌូង ឆាយ បានសរសេរលើផេករបស់លោកថា “លោកពូអើយ! តុលាការកំពុងរវល់ដាក់ទោស និងទាមទារសំណងជំងឺចិត្ត ពីនារីចិន បើកឡានបុកលោកបងចោរស្លាប់ថ្ងៃមុន ( មិនត្រូវប្រើពាក្យងាប់ ពីព្រោះលោកចៅក្រមដល់ខ្ពង់ខ្ពស់ ឲ្យតម្លៃចោរណាស់ )”។

ចំណែកឯលោកផែង វណ្ណៈ បាននិយាយក្នុងផេកផ្លូវការនាថ្ងៃទី៣វិច្ឆិកានេះថា ព្រះរាជ​អាជ្ញា​រង​ ហ៊ឹង​ ប៊ុន​ថន​ បានកែបទល្មើសចោរឆក់​ ពីបទលួចមានស្ថានទម្ងន់ទោស​ មកជា​លួច​ ធម្មតា​វិញ​ ដែលការបទល្មើសនេះ ជាការជំរុញឲ្យមានចោរឆក់កាន់តែច្រើន​ ។

ជាក់ស្ដែងនៅព្រឹកព្រលឹមថ្ងៃទី​ ៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ នេះ​ ចោរឆក់​ បានធ្វើសកម្មភាពឆក់ជនរងគ្រោះ​ នៅសង្កាត់​ បឹងកេងកង​ ១​ ខណ្ឌ​ចំការមន​ ដោយបានធាក់ជនរងគ្រោះឲ្យដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ។

លោក បានបន្ថែមថា ការកែបទល្មើសចោរឆក់ពីធ្ងន់មកស្រាល​ (​ពីបទឧក្រិដ្ឋមកជាបទមជ្ឈឹម​ )​ ត្រូវបានគេសង្ស័យថា​ អាចពាក់ព័ន្ធនឹងរឿងផលប្រយោជន៍​ ។ ជាពិសេសលោក​ព្រះរាជ​អាជ្ញា​រង​ ហ៊ឹង​ប៊ុន​ថន​ កំពុងតែលើកទឹកចិត្តចោរឆក់អោយធ្វើសកម្មភាពកាន់តែច្រើន​ បង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋ​ ។

លោកផែង វណ្ណៈ បានបញ្ជាក់ថា “ពាក់ព័ន្ធនឹង​ការកែបទល្មើសនេះ​ សូម​ឯក​ឧត្ដម​ អង្គ​ វង្ស​វឌ្ឍនា​ រដ្ឋមន្ត្រី​ ក្រសួង​យុត្តិធម៌​ មេត្តា​ពិនិត្យ​មើលបុគ្គល​ព្រះរាជ​អាជ្ញា​រង​ ហ៊ឹង​ ប៊ុន​ថន​ ផង​ បើមិនដូច្នេះទេ​ ប្រជាជន​នឹងត្រូវ​រងគ្រោះ​ស្លាប់​ជាបន្តបន្ទាប់​មិនខាន​ “។

សូមបញ្ជាក់ថា ឆក់​កាបូប​ពីប្ដីប្រពន្ធ២នាក់ ហើយជនរងគ្រោះជិះតាម ក៏ត្រូវបក្ខពួកជនសង្ស័យ (ជាអ្នកបិទគូទ) ជិះតាមធាក់ម៉ូតូដួល ប្ដី​បោកក្បាលស្លាប់ ប្រពន្ធរបួស នៅបឹងកេងកង។ ​អ្នកលក់​ផ្កា២នាក់ប្ដីប្រពន្ធ កំពុងជិះម៉ូតូឌុបគ្នា ត្រូវ​បាន​ក្រុម​ចោរឆក់​ ធ្វើសកម្មភាព​ ឆក់​កាបូប​ស្ពាយពី​ស្ត្រី​ជាប្រពន្ធ បាន​សម្រេច​ ហើយជិះរត់គេច ភ្លាមនោះបុរសជាប្ដីបានបន្ថែមល្បឿនជិះដេញតាមពីក្រោយដែរ ស្រាប់តែមានបក្ខពួកជនសង្ស័យ(ជាអ្នកបិទគូទ) ជិះតាមមក​ ធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យដួលខ្ទាតប្ដីបោក​ក្បាល​ស្លាប់ភ្លាម​ និងប្រពន្ធរបួសចំចិញ្ចើម ភ្លាមនោះក្រុមជនសង្ស័យបានបន្ថែមល្បឿន​ជិះរត់គេច ហើយត្រូវកម្លាំងសមត្ថកិច្ច​ខណ្ឌចំការមន​ប្រដេញតាមដែរ​ តែរហូតដល់ម្ដុំរង្វង់មូលផ្សារដើមថ្កូវ ជនសង្ស័យបានជិះចែកជើងគ្នាបាត់ស្រមោលអស់ ។

កាលពី​វេលា​ម៉ោង​ជិត៦ព្រឹកព្រលឹម​ ថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ ​នៅចំណុចស្តុបផ្លូវ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ ហើយជនរងគ្រោះបានជិះដេញតាមកែងផ្លូវ៣០២ ត្រូវបក្ខពួកជនសង្ស័យ(បិទគូទ) ជិះតាមធាក់​ម៉ូតូ​ឲ្យដួលបោក​ក្បាលស្លាប់ នៅផ្លូវ៣០២​ មុខ​សាលាអន្តរជាតិ​ខេមប្រីត ដែលស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

គួរឲ្យកត់សម្គាល់ផងដែរថា មន្ដ្រីតុលាការបានប្រាប់​ឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា​ ចោរឆក់ប្លន់ដ៏សកម្ម២នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា​បង្គាប់ឲ្យឃុំខ្លួនបណ្តោះ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ។
យោងតាមសមត្ថកិច្ចដដែលឲ្យដឹងថា ចោរឆក់ទី១៖ឈ្មោះ ឃឺន រ៉ានិត ហៅ​រ៉ា ​អាយុ​១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ​និង​ទី២៖ឈ្មោះ ស៊ិន វិសាល ​អាយុ​១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះមិនចាំលេខ ផ្លូវលំ ភូមិច្រេស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមរបាយការណ៍មន្ដ្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនសង្ស័យទាំង​២នាក់ បានប្រព្រឹត្តអំពើរឆក់ (លួចមានស្ថានទម្ងន់ទោស) និងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមសកម្មភាពដែលក្រុមនេះ ធ្វើសកម្មភាពឆក់ជាក់ស្តែង។
សមត្ថកិច្ចបានអះអាងថា ក្រោយពីបញ្ជូនដល់តុលាការ លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងប្តូរបទចោទប្រកាន់ចោរ​ទាំង​២នាក់ ពីបទ “លួចមានស្ថានទម្ងន់ទោស” ទៅជាបទ “លួច” វិញ។
បើយោងតាម មាត្រា​៣៥៨ នៃក្រមព្រហ្មទណ្ឌ បទ “លួចមានស្ថានទម្ងន់ទោស” អាចប្រឈមការជាប់ពន្ធនាគារ កំណត់រយៈពេលពី​៣ឆ្នាំ ទៅ១០ឆ្នាំ។ ចំណែក​មាត្រា​៣៥៣ នៃក្រមព្រហ្មទណ្ឌ បទ “លួច” អាចប្រឈមការជាប់គុកពី ៦ខែ ទៅ៣ឆ្នាំ។ ដូច្នេះ​បើយោងតាមការប្តូរបទចោទនេះ ចោរ​ទាំង​២នាក់ ពិតជាសំណាងដែលទទួលបានការសណ្តោសប្រណី និងក្តីអាណិតអាសូ​ជាខ្លាំង ពីព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ដើម្បីឲ្យពួកគេ​អាចឆាប់បានចេញពីពន្ធនាគារ​ទៅក្រៅវិញកែខ្លួន។

សូមជម្រាបជូនថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួន​ក្រុមលោកចោរ​ទាំង​២នាក់ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៨ នៅចំណុចផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្ទាប់ពីពួកគេ​ជិះម៉ូតូឆក់ទូរសព្ទ័ដៃម៉ាក iPhone 7Plus ពណ៌ខ្មៅ ពីជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ១៣ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ច​ដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ចំនួន​០១​គ្រឿង (ម៉ូតូសម្រេចជិះធ្វើសកម្មភាព ឆក់ និងប្លន់), ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ សលាយត្រួយចេក ស៊េរីឆ្នាំ​២០១៥ ចំនួន​០១គ្រឿង (ជារបស់ដែលគេ ប្លន់បានពីជនរងគ្រោះ) និងទូរសព្ទ័ដៃម៉ាក iPhone 7Plus ពណ៌​ខ្មៅ ជារបស់ជនរងគ្រោះ។

ទោះយ៉ាងណាមានសំណុំរឿងជាច្រើនទាក់ទងបទល្មើសចោរលួច ឆក់ ប្លន់ ត្រូវបាននគរបាលបញ្ជូនជនសង្ស័យ មកតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ប៉ុន្តែត្រូវបានលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ផ្លាស់ប្តូរបទចោទប្រកាន់ ហើយមានករណីមួយចំនួនបានសម្រេចដោះលែងជនសង្ស័យឲ្យទៅផ្ទះវិញ បន្ទាប់ពីរកកំហុស ដែលប៉ូលីសចោទមកមិនឃើញ។

ករណីចោទប្រកាន់​លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន អ្នកសារព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ៕

អត្ថបទដែលជាប់ទាក់ទង