ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​​រាជធានីភ្នំពេញ អញ្ជើញចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Pauline CARMONA

113
ប្រទេសបារាំង៖ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ រួមដំណេីរដោយឯកឧត្ដម ចែម វិទ្យា ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណ​រដ្ឋ​បារាំង និងគណៈប្រតិភូ​រដ្ឋបាល​រាជធានីភ្នំពេញ បានអញ្ជើញចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Pauline CARMONA អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាសុី និង​អូសេអានី នៃ​ក្រសួង​កិច្ចការ​បរទេស​សាធារណរដ្ឋ​បារាំង នាថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ។
   ក្នុង​ជំនួប​ពិភាក្សា​ការងារ លោក​អភិបាល​បានលេីកឡេីងអំពីទំនាក់ទំនងដ៏យូរអង្វែងរបស់កម្ពុជា-បារាំង ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជាក្នុងការស្វែងរកសន្តិភាព និងបាន ថ្លែង​អំណរគុណ ដល់រដ្ឋាភិបាលបារាំង ក៏ដូច​ជា​ទីក្រុងប៉ារីស ដែលបានផ្ដល់ជំនួយជា​បន្តបន្ទាប់​ រួម​ទាំងជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស​ក៏ដូច​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដល់​រដ្ឋបាល​រាជធានីភ្នំពេញក្នុង​ក្រមខណ្ឌកិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ នាពេល​កន្លង​មក។
   ឆ្លៀតក្នុងឱកាស​នោះផងដែរ លោក​អភិបាល បាន​ស្នើក្រសួង​កិច្ចការបរទេស​នៃ​សាធារណ​រដ្ឋ​បារាំង តាមរយៈ​លោកស្រី CARMONA និង​នាយកដ្ឋាន​កិច្ចការ​អាសុី និង​អូសេអានី បន្តការ​គាំទ្រ​បន្ថែម​ទៀតលើកិច្ចការ​សហប្រតិបត្តិការ​ទ្វេ​ភាគី រវាងកម្ពុជា-បារាំង និង​រាជធានីភ្នំពេញ-ទីក្រុងប៉ារីស ព្រម​ទាំង​បន្ត​គាំទ្រ​លើ​គម្រោង​នានា ដែល​អាចជួយឲ្យរាជធានី​ភ្នំពេញ​អាច​ក្លាយជាទីក្រុង​បៃតង និង​ទីក្រុង​ឆ្លាតវៃ​នាពេល​អនាគត។
  ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលេីការជំរុញគម្រោងអភិវឌ្ឍន៍ខ្សែ Tramway ក្នុងជំហានទី៣នៃការសិក្សា។  លោកស្រី CARMONA បាន​កោតសរសើរ​ដល់ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លារបស់​ព្រះរាជាណាចក្រ​កម្ពុជា​ និងបន្តគាំទ្រ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​នានា និងជំរុញឲ្យ​អ្នក​វិនិយោគ​បារាំង ឲ្យ​មក​វិនិយោគ​ក្នុង​រាជធានីភ្នំពេញលើ​វិស័យ​អភិវឌ្ឍន៍​ទីក្រុង​ ទេសចរណ៍​បៃតង និង​កសិកម្ម​បៃតង​៕
អត្ថបទដែលជាប់ទាក់ទង