ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តកណ្តាល ចេញដីកាឃុំខ្លួន អ្នក​កត់​ល្បែងបាល់​បី​នាក់​ ប្រចាំ​ហាង​កាហ្វេ Sport Cafe ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​

150


កណ្តាល​ ៖​ លោក ហុក វ៉ាន់​ធី​ណា ចៅក្រម​ស៊ើប​សួរ និង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន អ្នក​កត់​បាល់​បី​នាក់​ប្រចាំ​ហាង​កាហ្វេ Sport Cafe ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ ពី​បទ​​អ្នកកាន់កាប់​ល្បែង​ស៊ី​សង អ្នកចាត់ចែង និង​ភ្នាក់ងារ​ស៊ី​សង​ តាម​មាត្រា​៥ នៃ​ច្បាប់​ស្តី​ពី ​ការ​បង្ក្រាប​ល្បែង​ស៊ី​សង​ ​ផ្តន្ទាទោស​ពី​មួយ​ឆ្នាំ ដល់​ប្រាំ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥.០០០.០០០​រៀល ដល់​២០.០០០.០០០​រៀល។

​ជន​ត្រូវ​ចោទ​ ទី​១ ​ឈ្មោះ ប្រាក់ បុ​ង​ហ៊ុយ​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ទី​២ ឈ្មោះ ហ៊ែ​ល ឧស្សាហ៍ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ភូមិ​ផ្ទះជួល ឃុំ​ចាក់អង្រែ​ក្រោម សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។ ទី​៣ ​ឈ្មោះ​គាំ អូន​រស្មី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល។

សូមបញ្ជាក់ថា ជនសង្ស័យប្រុសស្រីចំនួន៦នាក់ត្រូវ បានកម្លាំងនគបាល នៃស្នងការដ្ឋានខេត្តកណ្តាល ធ្វើការឃាត់ខ្លួន ខណៈពួកគេកំពុងធ្វើសកម្មភាពបើកល្បែងហ្គេម ចាក់បាល់ និងកេណូ កន្ទុយលេខ ស៊ីសង យ៉ាងអាណាអធិបតេយ្យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងផ្ទះ ស្ថិតនៅភូមិតាខ្មៅ១សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

លោក វរសេយ៍ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តកណ្តាល បានឲ្យដឹងថា ដោយមានការឯកភាពពីគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការបង្ហាញ អំពីលោកលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគបាលខេត្តកណ្តាល ដឹកនាំកម្លាំងដោយលោកឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្ត សហការជាមួយនគបាលក្រុងតាខ្មៅ និងប៉ុស្តិ៍នគបាលរដ្ឋបាលតាខ្មៅ រួមជាមួយអាជ្ញាធរ ដោយមានការសម្របសម្រួល ពីលោក ឯក ស៊ុនរស្មី ព្រះរាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានបើកកិច្ចប្រតិបត្តិការ ចុះបង្គ្រាបទីតាំងលេងល្បែងស៊ីសង ខុសច្បាប់មានភ្នាល់បាល់ កេណូ និងកន្ទុយលេខ លេងនៅក្នុងផ្ទះលក់កាហ្វេ ស្ថិតនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៧នាក់ មកកាន់ស្នងការដ្ឋាននគបាលខេត្តកណ្តាល ដើម្បីសាកសួរបន្ត ដោយមាន ១.ឈ្មោះប្រាក់ បុងហ៊ុយ ភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកល្បែងហ្គាមស្ពតកាហ្វេ ។ ២.ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទស្រី អាយុ១៨ឆ្នាំ ភូមិផ្ទះជួល ឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិក។ ៣. ឈ្មោះគាំ អូនរស្មី ភេទស្រី អាយុ២៣ឆ្នាំ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលជាបុគ្គលិក។ ៤.ឈ្មោះ ប៉ម មេសា ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាលអ្នកលេង។ ៥.ឈ្មោះ ហេង រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកលេង។ ៦.ឈ្មោះ កើ សាន់ ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាលអ្នកលេង។ កម្លាំងនគបាលបានរឹបអូសសម្ភារៈ វត្ថុតាងរួមមាន ១.ម៉ាស៊ីន ម៉ូនីទ័រ ៤គ្រឿង ២. កុំព្យូទ័រ៦គ្រឿង ៣.ម៉ូតូ ៦គ្រឿង ៤.លុយ ១.៧០០.០០០រៀល និង១៣៣ដុល្លារ ៥.ម៉ាស៊ីនគិតលេខ៣គ្រឿង
៦.ម៉ាស៊ីនព្រីនបុងបាល់២គ្រឿង ៧.រ៉ូល បាល់០៤ដុំធំៗ ៨.ធុងហិបឆ្នោត១. ៩.សន្លឹកឆ្នោតផ្សងសំណាង៧ដុំធំៗ ១០.ត្រាផេរ ២ និងបុងចាក់បាល់រួមមួយចំនួនទៀត។

លោកវរសេនីយ៍ឯក ឡាក់ម៉េងធី ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងហាងកាហ្វេយីហោ ស្ពតកាហ្វេ ដែលបានបើកឲ្យមានការភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធឺណែត និងចាក់កេណូ KENO មានន័យថា ចាក់ស៊ីសងភ្លាមៗរាល់៣នាទីម្តង ហើយមានកម្មវិធីស៊ីសង ពិសេសជាច្រើន ដូចជា ១.ចាក់ចាប់៥-៧គូរ ចាញ់ដាច់ទាំងអស់សងដើមគុណនឹង២ ។ ២.ចាក់៨គូរ ចាញ់ដាច់ទាំងអស់ ចាប់ពី២ដុល្លារឡើងទៅ សង១០០ដុល្លារ ៣.ចាក់៩គូរ ចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារ ឡើងទៅសង២០០ដុល្លារ។ ៤.ចាក់១០គូរចាញ់ដាច់ទាំងអស់ ចាប់២ដុល្លារ ទៅ៩ដុល្លារ បានទូរស័ព្ទiPhone ចំនួន១គ្រឿង ៥.ចាក់១០គូរចាញ់ដាច់ទាំងអស់ ចាប់១០ដុល្លារឡើង និងទទួលបានម៉ូតូហុងដាឌីមសេរីថ្មីចំនួន១គ្រឿង៕

   

អត្ថបទដែលជាប់ទាក់ទង