ការប្រើស្រូវផ្ការំដួលពូជសុទ្ធជួយឱ្យកើនទិន្នផល ងាយស្រួលលក់ និងបានតម្លៃខ្ពស់ រាជធានីភ្នំពេញ
ភ្នំពេញ៖ លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា៖ តាមរយ:ការចុះសិក្សាវាយតម្លៃ ជាមួយកសិករទាំងអស់ ការប្រើពូជស្រូវសុទ្ធពិសេសស្រូវផ្ការំដួលសុទ្ធនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការកើនផល ១៥ភាគរយ កាត់បន្ថយការប្រើពូជបានប្រមាណ ៣០ភាគរយ ងាយស្រួលលក់ និងបានតម្លៃខ្ពស់។
សូមបញ្ជាក់ថា៖ ការលើកឡើងពីសំណាក់ លោកបណ្ឌិត យ៉ង សាំងកុមារ បែបនេះធ្វើឡើងក្នុងពិធីជួបប្រជុំជាមួយមន្រ្តីកសិកម្មឃុំ នៅឃុំសាកល្បង ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដើម្បីវាយតម្លៃលើការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួល។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា កាលពីឆ្នា២០២៣ មន្រ្តីកសិកម្មឃុំបានគាំទ្រកសិករចំនួន ២២២គ្រួសារ ឱ្យបានចូលរួមប្រើពូជសុទ្ធពីស្រូវផ្ការំដួល។
លោកបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងដែរថា៖នៅរដូវខាងមុខ ចំនួនកសិករប្រើពូជសុទ្ធទាំង១០ឃុំ អាចកើនដល់ឡើង១ ០០០គ្រួសារ ។ តាមរយៈលទ្ធផល និងបទពិ សោធនៅស្រុកជើងព្រៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្កើនការជំរុញការប្រើពូជសុទ្ធឲ្យបានទូលំទូលាយទូទាំងប្រទេស តាមរយ:មន្រ្តីកសិកម្មឃុំ ដែលទើបរើសបានចំនួន ២៥០រូប និងរើសបន្ថែម ៨០០រូបទៀត នៅក្នុងឆ្នាំ២០២៤នេះ៕. សំរិត