ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងអញ្ជើញចូលរួម កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឡាវ
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ច ប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់ – កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នឹងពិភាក្សាអំពីអាទិភាព និងគម្រោងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធាន អាស៊ានរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេស អាស៊ាននឹងពិនិត្យតាមដានការងារនានានៅក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ព្រមទាំងពិភាក្សាអំពីវិធីសាស្ត្រនានា ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន រួមទាំងវឌ្ឍនភាពនៃការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជា ផលប្រយោជន៍និងក្តីបារម្ភរួម ផងដែរ។
ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕