រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរអនុម័តផែនការ ដើម្បីជំរុញនវានុវត្តន៍ដល់សហគ្រាសក្នុងស្រុក
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរលើកទី១៥” ដោយផ្តោតលើការកំណត់ទិសដៅយុទ្ធសាស្រ្តរបស់ សហគ្រិនខ្មែរសម្រាប់ឆ្នាំ២០២៤នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។
ក្រុមប្រឹក្សាបរធនបាលបានពិនិត្យ និងវាយតម្លៃសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ ព្រមទាំងអនុម័តផែនការសកម្មភាព ឆ្នាំ២០២៤ ដោយពង្រឹងបន្ថែមនូវគំនិតផ្តួចផ្តើមដែលនឹងជួយទ្រទ្រង់ដល់គម្រោងសម្រាប់ជំរុញនវានុវត្តន៍សហគ្រិនភាព ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា វិស័យកាត់ដេរនិងវាយនភ័ណ្ឌ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការលើកកម្ពស់កម្មវិធីអភិវឌ្ឍប្រកបដោយចីរភាព។ សហគ្រិនខ្មែរ នឹងបន្តគំាទ្រដល់សហគ្រិនដែលស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពក្រោយទទួលបានការទទួលស្គាល់ និងភាពជោគជ័យក្នុងកម្មវិធីរបស់សហគ្រិនខ្មែរកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ដែលជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានលើកឡើងថា៖ “រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍវិស័យឯកជន ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បានទទួលភាពជោគជ័យគួរឱ្យកត់សម្គាល់ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ ហើយត្រូវបន្តកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម តាមរយៈភាពជាដៃគូជាមួយស្ថាប័នដៃគូក្នុងស្រុក និងអន្តរជាតិ។ កិច្ចការណ៍នេះនឹងត្រូវសម្រេចបានតាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលមានភាពប្រទាក់ក្រឡា ដើម្បីធានាបាននូវលទ្ធភាពជោគជ័យ និងវិសាលភាពរបស់អាជីវកម្ម។”
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរបានលើកឡើងថា៖ “សហគ្រិនខ្មែរ បាននឹងកំពុងរៀបចំគម្រោងដែលមានសក្តានុពលជាច្រើន មានទាំងគំនិតផ្តួចផ្តើមថ្មីៗ និងការពង្រីកកម្មវិធីដែលកំពុងដំណើរការស្រាប់ ដើម្បីឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងប្រសិទ្ធភាពដល់សហគ្រិនក្នុងស្រុក នៅក្នុងវិស័យពាក់ព័ន្ធ។
ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការរៀបចំ និងអនុវត្តកម្មវិធីឱ្យស្របតាមអាទិភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលឱ្យបានពេញលេញ ក្នុងគោលបំណងពង្រីកសក្តានុពលរបស់សហគ្រិន។
កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដែលមានសមាសភាពមកពីរាជរដ្ឋាភិបាល និងវិស័យឯកជននេះបានសម្រេចជាផ្លែផ្កាក្នុង និងការប្តេជ្ញាជំរុញ និងអភិវឌ្ឍសហគ្រាសធុនតូចនិង មធ្យម និងធុរកិច្ចបង្កើតថ្មី លើវិស័យស្នូលទាំង៤ របស់សហគ្រិនខ្មែរគឺ កសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងផលិតកម្ម៕