ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ៖ ខណៈកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជាបានដាក់ចេញនូវវិធានការជំរុញឱ្យមានសកលភាវូបនីយកម្ម នៃអនុសញ្ញាអូតាវ៉ា តាមរយៈការទូត កិច្ចប្រជុំ និងវេទិកានានាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក

42

ស្វីស៖ នៅទីក្រុងហ្សឺណែវ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធាន នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ដើម្បីពិភាក្សាអំពីបញ្ហាស្នូលនៃអាណត្តិប្រធានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា។

កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅប្រទេសស្វីស ដោយ មានការចូលរួមពីតំណាងប្រទេសកម្ពុជា បែលហ្សិក ចក្រភពអង់គ្លេស កាណាដា ស្វីស ជប៉ុន ស៊ុយអែត ន័រវេស ថៃ ហូឡង់ អាល្លឺម៉ង់ និងតំណាង ISU, ICBL, ICRC ។ ក្នុងកិច្ចពិភាក្សានោះ អង្គប្រជុំ បានដាក់ចេញ និងកំណត់គោលដៅប្រទេសទមួយចំនួនដែលត្រូវធ្វើសកម្មភាពសកលភាវូបនីយកម្មរួមមាន បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀតណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និងសិង្ហបុរី។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ក្នុងខណៈប្រទេសកម្ពុជាជាប្រធាននៃអនុសញ្ញាឆ្នាំ២០២៤ កម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ក្នុងការជំរុញឱ្យមានសកលភាវូបនីយកម្មនៃអនុសញ្ញា រួមមានការបញ្ចុះបញ្ចូលប្រទេសមិនទាន់ក្លាយជារដ្ឋភាគីតាមរយៈការទូតកម្ពុជា ការប្រើប្រាស់វេទិកាUN-ESCAPក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រទេសជាមិត្តទាក់ទងនឹងប្រទេសដែនកោះនានាក្នុងតំបន់ប៉ាស៊ីហ្វិក ជាដើម។ កម្ពុជា បានកំណត់គោលដៅប្រទេសមួយចំនួនរួចហើយ សម្រាប់ធ្វើការសម្របសម្រួលដែលប្រទេសទាំងនោះអាចនឹងផ្តល់សច្ចាប័ន/យល់ព្រមលើការចូលរួមអនុសញ្ញា ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងលើកទី៥ នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

តំណាងប្រទេស និងអង្គការសំខាន់ៗ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងសកម្មភាពសកលភាវូបនីយកម្ម ការបញ្ចុះបញ្ចូល និងការកៀរគរបណ្តាប្រទេស មិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមផ្តល់សច្ចាប័ន .យល់ព្រមចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ សកម្មភាពសកលភាវូបនីយកម្ម ត្រូវបានគេជឿជាក់ និងលើកឡើងថា អាចនឹងធ្វើឡើងតាមរយៈទំនាក់ទំនងការទូត កំណត់ទូត កិច្ចប្រជុំកំពូល វេទិកាកោះប៉ាស៊ីហ្វិក និងកិច្ចប្រជុំពាក់ព័ន្ធ ជាដើម៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង