យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹង នៅពេលយប់ថ្ងៃដំបូង ក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចរកឃើញអ្នកបើកបរមានជាតិស្រវឹង ២៣ករណី
រាជធានីភ្នំពេញ ៖ យុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ ក្នុងថ្ងៃទី១ ពោលគឺ នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌទាំង១៤ បានរកឃើញអ្នកបើកបរមានជាតិស្រវឹងសរុបចំនួន ២៣គ្រឿង ក្នុងនោះកម្រិតជាតិអាល់កុលចាប់ពី ០,២៥ ទៅ ០,៣៩ ចំនួន ៧គ្រឿង អ្នកបើកបរម៉ូតូចំនួន ៤នាក់ និងអ្នកបើកបររថយន្តចំនួន ៣នាក់។ ចំណែកកម្រិតជាត់អាល់កុលចាប់ពី ០,៤០ឡើងទៅ មានចំនួនសរុប ១៦គ្រឿង អ្នកបើកបរម៉ូតូចំនួន ១៤នាក់ អ្នកបើកបររថយន្តចំនួន ២នាក់។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោយការបើកយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ ថា ក្រោមការអនុវត្តបទបញ្ជាដោយផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តផ្ទាល់ មានការពិនិត្យឃើញថា មានអ្នកបើកបរយាន្តយន្តមួយចំនួនស្ថិតនៅក្រោមឥទ្ធិពលនៃជាតិស្រវឹង ហើយអ្វីដែលជាការកត់សម្គាល់ ការអនុវត្តយ៉ាងតឹងតែង ដោយយកវិធានការច្បាប់ជាគោល និងជំនាញដែលជាការណែនាំ និងដាក់បទបញ្ជាដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលជាការអនុវត្តយ៉ាងតឹងរឹង និងម៉ឺងម៉ាត់ មានការប្តេជ្ញាខ្ពស់ សំដៅក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងនោះផងដែរ ឯកឧត្តមបានហាមដាច់ខាតមិនឱ្យមានការអន្តរាគមន៍ ក្នុងករណីណាមួយដែលមានការអន្តរាគមន៍ពាក់ព័ន្ធការល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកបើកបរទទួលទានជាតិស្រវឹង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ។
ជាមួយគ្នានោះក្នុងនាមអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោកបានអំពានាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមដងផ្លួវសាធារណៈ ត្រូវមានការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍មានបញ្ហាកើនឡើងនៅពេលយប់។ ដូច្នេះ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំពិសារគ្រឿងស្រវឹងនៅពេលបើកបរ។
សូមបញ្ចាក់ថា ការអនុវត្តក្នុងយប់ដំបូងនេះ បានឃាត់យាន្តយន្តសរុប ២៣៤គ្រឿង ក្នុងនោះមានរថយន្តចំនួន ៥គ្រឿង ហើយសមត្ថិកច្ចបានរកឃើញអ្នកដែលល្មើសជាតិស្រវឹងសរុប ២៣គ្រឿង កម្រិតជាតិអាល់កុលចាប់ពី០,២៥ ទៅ ០,៣៩ មានចំនួន ៧គ្រឿង អ្នកបើកបរម៉ូតូចំនួន ៤នាក់ អ្នកបើកបររថយន្តចំនួន ៣នាក់។ ចំណែកកម្រិតជាតិអាល់កុលចាប់ពី ០,៤០ឡើងទៅ មានចំនួនសរុប ១៦គ្រឿង អ្នកបើកបរម៉ូតូចំនួន ១៤នាក់ អ្នកបើកបររថយន្តចំនួន ២នាក់។ ទន្ទឹមនោះ សមត្ថកិច្ចក៏បានរកឃើញអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពមានចំនួន ២០៤គ្រឿង កែរឆ្នៃបំពង់ស៊ីម៉ាំង ២គ្រឿង ម៉ូតូគ្មានស្លាកលេខ ៣គ្រឿង។ ចំពោះយាន្តយន្ត និងអ្នកដែលប្រព្តឹត្តបទល្មើសទាំងអស់សមត្ថកិច្ចបានធ្វើការផាកពិន័យ និងអនុវត្តទៅតាមនិតិវិធីច្បាប់៕