ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រឡងជ្រើសរើសគ្រូឯកទេសកីឡា ត្រូវធ្វើដោយតម្លាភាព មិនមានការផ្ដល់អាទិភាពពិសេសដល់បុគ្គលណាម្នាក់ឡើយ

90

 

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានថ្លែងថា ការប្រឡងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះគឺធ្វើឡើងដោយតម្លាភាព នឹងមិនមានការផ្ដល់អាទិភាពពិសេសដល់បុគ្គលណាម្នាក់ឡើយ។

ឯកឧត្តមហ៊ុន ម៉ានី បានបញ្ជាក់ដូចនេះនាល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសរៀបចំសន្និសីទសារព័ត៌មានមួយ ពាក់ព័ន្ធការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឲ្យចូលបម្រើការងារ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ផ្អែកទៅលើមូលដ្ឋាននេះគឺសូមបញ្ជាក់ថា គោលការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ហើយជាពិសេសក្នុងការជំរុញវិធានការគន្លឹះ ហើយវិធានការគន្លឹះទី១ គឺការរៀបចំប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដោយការផ្តល់ឱកាសឲ្យស្មើៗគ្នា ដូចនេះផ្អែកលើមូលដ្ឋាននេះការជ្រើសរើសមន្ត្រីអប់រំឯកទេសអប់រំកាយ និងកីឡានេះ គឺយើងផ្តល់ឱកាសឲ្យទាំងអស់គ្នាតែម្ដងសិន។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា ចំពោះរូបលោកដែលជាលក្ខណៈឯកជន គឺមានតែការលើកទឹកចិត្តឲ្យគាត់មានចំណាប់អារម្មណ៍ក្នុងការប្រឡង ប៉ុន្តែការរៀបចំជាប្រព័ន្ធរបស់ប្រឡងនេះគឺធានាឱ្យមានស្មើៗគ្នានៃសិទ្ធក្នុងការចូលចុះឈ្មោះ ហើយនឹងការប្រកួតប្រជែងដើម្បីធ្វើយ៉ាងណាផ្អែកលើសមត្ថភាពរបស់ពួកគាត់ ដើម្បីអាចមានលក្ខណៈជាប់ជាកិត្តិយស ហើយបើធ្លាក់គឺធ្លាក់ដោយអស់ចិត្ត។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា ការធ្វើដូចនេះគឺដូចជាអ្វីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកន្លងមក ដូចនេះជាគោលការណ៍អាទិភាពទៅលើផ្នែកណាមួយ គឺអត់មានទេ គឺត្រូវធានាថាការប្រឡងនេះផ្តល់ឱកាសស្មើៗគ្នាតែម្តង៕

អត្ថបទដែលជាប់ទាក់ទង