ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា

119

ស្វីស ៖ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ឆ្នាំ២០២៤ និងត្រៀមរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គររយៈពេល៥ ឆ្នាំ ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅ នារ សៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ។
កិច្ចប្រជុំនេះ មានការចូលរួមមកពីតំណាងប្រទេសដែសជាសមាជិកគណៈកម្មការទាំងប្រាំនៃអនុសញ្ញាអូតាវ៉ា ដៃគូសំខាន់ៗ តំណាងអង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ មានដូចជា ប្រទេសកម្ពុជាជាប្រធានអនុសញ្ញា តួកគី អង់គ្លេស អៀរឡង់ ស្លូវេនី អ៊ីតាលី ហូឡង់ ម៉ិកស៊ិក អូទ្រីស នូវែលសេឡង់ ម៉ូសំប៊ិក បែលហ្សិក អង់ហ្គោឡា បារាំង កាណាដា ស្វីស សំប៊ី ប៊ូគីណាហ្វាសូ ដាណឺម៉ាក ជប៉ុន អាល់ហ្សេរី អាល្លឺម៉ង់ ន័រវេស ប៉េរូ អាហ្រិ្វកខាងត្បូង កូឡុំប៊ី ថៃ ស៊ុយអែត អូស្ត្រាលី សហភាពអឺរ៉ុប ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក (Dani sh Refugee Council) អង្គការ UNMAS, GICHD, ICBL, ICRC, UNODA, MAG, HALO Trust, NPA និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU)។
កិច្ចប្រជុំ បានផ្តោតជាពិសេសលើការពិភាក្សាអំពីការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ប្រកបដោយជោគជ័យ ការពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ២០១៩-២០២៤ និងការកំណត់សកម្មភាព និងវិធានការសំខាន់ៗ សម្រាប់ការរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។ គូសបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាព៥ ឆ្នាំបន្តនេះ នឹងត្រូវបានដាក់ឈ្មោះថាសេចក្តីថ្លែងការណ៍សៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ដែលវានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកលលោកទាំងមូល ។ ឯកសារទាំងនេះ ជាឯកសារតម្រង់ទិសសកម្មភាពមីនសម្រាប់ពិភពលោកទាំងមូល។
ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានដឹកនាំកិច្ចប្រជុំ បានស្នើឱ្យក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវ ពិនិត្យឡើងវិញរាល់ធាតុចូល និងលទ្ធផល ដែលទទួលបានក្នុងអំឡុងពេលកិច្ចប្រជុំនេះ និងកិច្ចប្រជុំនានា ហើយរៀបចំទិសដៅ និងផែនការសកម្មភាពបន្ទាប់ ដើម្បីធានាថាកិច្ចប្រជុំត្រួតពិនិត្យឡើងវីញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាជាទីមោទនៈ ហើយគោលដៅអាទិភាពទាំងបីរបស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងអាចសម្រេចបានដោយជោគជ័យ។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្តសៀមរាប ខាងមុខ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី យកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់អនុសាសន៍ណែនាំមួយចំនួន ក្នុងការទទួលស្វាគមន៍ និងបដិសណ្ឋាកិច្ចដល់គណៈប្រតិភូជុំវិញពិភពលោកយ៉ាងកក់ក្តៅ ៕. ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង