ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ផឹកស្រាថ្នាំស្រវឹងជោក វាយមេប៉ុស្តិ៍និងពលរដ្ឋ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

101

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ផឹកស្រាថ្នាំអស់៣លីត្រ យកឈេឺដាក់ទទឹងផ្លូវខាងមុខផ្ទះ លុះនាយប៉ុស្តិ៍មកឃាត់ ស្ទុះទៅវាយនាយប៉ុស្តិ៍ និងពលរដ្ឋម្នាក់ទៀតរងរបួស ត្រូវសមត្ថកិច្ចវាយខ្នោះ ។ ករណីនេះ បានកើតឡើង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២២និង៣០នាទី ចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះចំនួន២នាក់មាន÷ ទី១-ឈ្មោះ ផល ស្រីលី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ទី២-ឈ្មោះ សោម រ៉ាវុធ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរ នគរបាលជាតិ ឋាន: នាយប៉ុស្តិ៍ មានទីលំនៅ ភូមិអញ្អែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ រីឯជនសង្ស័យឈ្មោះ យូ យ៉ារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្នុង ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រុមគ្រួសារឈ្មោះ ផល ស្រីលី បានធ្វើរោងលើផ្លូវបេតុងមុខផ្ទះ ដើម្បីរៀបចំធ្វើពិធីមង្គលការនៅថ្ងៃស្អែក ស្រាប់តែនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃដដែលជនសង្ស័យបានផឹកស្រាថ្នាំជាមួយកម្មករសំណង់ជាមួយគ្នានៅភូមិកំពង់ដំរី ឃុំ ព្រែកតាមាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អស់ស្រាថ្នាំ ២លីត្រ រួចជនសង្ស័យមកផ្ទះទិញស្រាថ្នាំ ០១លីត្រទៀត ផឹកនៅមុខផ្ទះ ហើយជនសង្ស័យបានទៅសុំម្ហូបពីឈ្មោះ ធី ជាបងប្អូនរបស់ឈ្មោះ ផល ស្រីលី យកក្លែម តែឈ្មោះ ធី មិនបានឲ្យម្ហូប នោះទេ ។ លុះមកដល់ម៉ោង ២២_០០នាទី ជនសង្ស័យមានសភាពស្រវឹងស្រា និងខឹងឈ្មោះ ធី មិនឲ្យម្ហូប ក៏យកមែកឈើមកដាក់លើផ្លូវបេតុងមុខផ្ទះបិតបាំងផ្លូវរារាំងមនុស្សឆ្លងកាត់ទៅកម្មវិធីផ្ទះឈ្មោះ ផល ស្រីលី និងស្រែកនិយាយថា អ្នកឯងបិទផ្លូវមុខផ្ទះអ្នកឯងបាន អញបិទផ្លូវមុខផ្ទះអញក៏បាន ហើយឈ្មោះ សយ ភេទប្រុស ជាបងប្អូនជីដូនមួយបានទៅសួរជនសង្ស័យ ក៏ត្រូវជនសង្ស័យរុញឲ្យដួលទៅលើផ្លូវបេតុង
តែម្តង ។ ពេលនោះឈ្មោះផល ស្រីលី បានតេទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាមាក់ ភ្លាមៗនោះលោក សោម រ៉ាវុធ ឋានៈ នាប៉ុស្តិ៍ព្រែកតាមាក់ បានដឹកនាំកងកម្លាំងទៅដល់កន្លែងកើតហេតុ ខណៈពេលទៅដល់លោក សោម រ៉ាវុធ បាននិយាយណែនាំ តែជនសង្ស័យមិនស្ដាប់ស្ទុះមកវាយលោក សោម រ៉ាវុធ បណ្តាលឲ្យរងរបួសផងដែរ ឃើញដូច្នេះកម្លាំងសមត្ថកិច្ច បានចាប់ឃាត់ជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដោយបន្តអនុវត្តតាមនីតិវិធីច្បាប់ ។

លោកមេប៉ុស្តិ៍ សោម រ៉ាវុធ ត្រូវបានបញ្ជូនទៅព្យាបាលរបួលនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល ៕

អត្ថបទដែលជាប់ទាក់ទង