ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បន្តទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងចរាចរក្នុងទីក្រុងប៉ារីស
ភ្នំពេញ៖ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស នៅថ្ងៃដដែលនេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបាន អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងចរាចរ(PC Lutece)នៃទីក្រុងប៉ារីស ដើម្បីសិក្សាស្វែងយល់ និងដកពិសោធន៍ លើការគ្រប់គ្រងចរាចរក្នុងទីក្រុងសម្រាប់រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានថ្លែងថា៖ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក្នុងការដំឡើងមជ្ឈមណ្ឌល គ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលស្ថិតក្នុង អាគាររដ្ឋបាលរាជធានីភ្នំពេញតែម្តង។ លោក ឃួង ស្រេង បានលើកឡើងដែរថា ៖រាជធានីភ្នំពេញស្វាគមន៍ ចំពោះការជួយ ឧបត្ថម្ភពីទីក្រុងប៉ារីស ជាពិសេសលើ ការកែលំអរប្រព័ន្ធចរាចរណ៍ ឲ្យកាន់តែប្រសើរឡើង យើងស្វាគមន៍គ្រប់ដៃគូអភិវឌ្ឍន៏។
លោកអភិបាលរាជធានីបានបន្តថា៖ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ យើងនឹងបន្តពង្រឹង បន្ថែមនូវកិច្ចសហការគាំទ្រ សម្របសម្រួល និងគាំពារផលប្រយោជន៍ ស្របច្បាប់ដល់ក្រុមហ៊ុនបារាំងទាំងអស់ ដែលបានមកវិនិយោគ នៅរាជធានីភ្នំពេញ ដើម្បីឲ្យការវិនិយោគ ប្រព្រឹត្តទៅបានងាយស្រួល និងឆាប់រហ័ស។ យើងជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន កម្ពុជានឹងបន្តសម្រេច បាននូវកំណើនសេដ្ឋកិច្ចដោយ រក្សាបាននូវ ស្ថិរភាព និងសន្តិភាពដែល ជាមូលដ្ឋានគ្រឹះនៃ ការអភិវឌ្ឍផ្នែកវិនិយោគ និងពាណិជ្ជកម្ម៕