ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពជួលជុល ថែទាំផ្លូវក្រាលគ្រួសក្រហមនិងផ្លូវកៅស៊ូយ៉ាងសកម្មនៅទូទាំងខេត្ត

117
ព្រះវិហារ ៖ តាមការចង្អុលណែនាំពីលោកទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូននិងលោកអ៊ុន ចាន់ដា អភិបាលព្រះវិហារ
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំដោយលោកសំ លាងទ្រីជាប្រធានបាននិងកំពុងធ្វើសកម្មភាពជួលជុល ថែទាំផ្លូវក្រាលគ្រួសក្រហមនិងផ្លូវកៅស៊ូយ៉ាងសកម្មនៅទូទាំងខេត្ត ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋបានស្រួល ។
    លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា ចំពោះការជួលជុល ថែទាំផ្លូវក្រាលគ្រួសក្រហមនិងផ្លូវកៅស៊ូ ក្រុមការងាររបស់មន្ទីរ បានចែកចេញជាច្រើនក្រុម ក្នុងនោះមួយក្រុម ពេលនេះបាននឹងកំពុងជួលជុលនិងថែទាំផ្លូវក្រាលគ្រួសក្រហមមួយខ្សែក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដែលជាផ្លូវ ក្នុងតំបន់ប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជាជាមួយទ័ពសៀមកាលពីអំឡុងឆ្នាំ២០០៨កន្លងមក ។ លោកបញ្ជាក់ថា កំណាត់ផ្លូវនេះ បានកើតឡើងក្នុងឆ្នាំ២០០៨ មានប្រវែង៩គីឡូម៉ែត្រនិង៥០០ម៉ែត្រដោយចាប់ពីផ្លូវ២៥, ២៦ ទៅដល់ជាប់និងជើងភ្នំទ្រព្យ វាលឥន្ត្រីនិងតាស៊ឹម ។ លោកបន្តថា កំណាត់ផ្លូវនេះ ត្រូវជួលជុល ថែទាំ ដោយចាក់គ្រួសក្រហមបំពេញ គ្រលុកសំបុកមាន់ កៀរនិងកិនបង្ហាប់ អោយល្អ ដើម្បីអោយប្រជាពលរដ្ឋបានធ្វើចរាចរណ៍បានស្រួល។
   លោកបន្តថា ចំណែកមួយក្រុមទៀត ស្របពេលជាមួយគ្នានេះ ក៏បាននិងកំពុងធ្វើសកម្មភាពថែ​ទាំផងដែរ នោះគឺ ​ផ្លូវជាតិ​លេខ​៦២​ ស្ថិត​នៅ​គីឡូម៉ែត្រ​ ១៧៦+៨០០​ ក្នុង​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ ដោយស្រោចកៅស៊ូលុបស្នាមប្រេះ​ ស្រុត​ និងធ្វើផ្ទៃផ្លូវអោយរាបស្មើ។ លោកបញ្ជាក់ថា ចំពោះផ្លូវដែលទទួលរងការខូចខាតខាងលើនេះ បើយើងមិនប្រញ៉ាប់ជួលជុល ថែទាំទេ វានិងទទួលរងការខូចខាតធ្ងន់ធ្ងរជាងនេះ ។ ដូច្នេះហើយទើបក្រសួងសាធារណការនិងដឹកជញ្ជូននិងអភិបាលខេត្តតម្រួវអោយការថែទាំជាប្រចាំ។
   គួរបញ្ជាក់ថា ផ្លូវជាតិ​លេខ​៦២​ មានប្រវែងជាង១០០គីឡូម៉ែត្រ ដោយចាប់ពីប្រាសាទព្រះវិហារ ដល់ទីរួមខេត្តព្រះវិហារនិងបន្តទៅដល់ខេត្តកំពង់ធំ៕
អត្ថបទដែលជាប់ទាក់ទង