តម្លៃមើមដំឡូងមីនៅខេត្តបាត់ដំបង តម្លៃឡើងបន្ដិច ការដាំដុះរបស់កសិករ ថយចុះ
បាត់ដំបង៖ កសិករនៅខេត្តបាត់ដំបងបានចាប់ផ្តើមប្រមូលផលដំឡូងមីរបស់ខ្លួនជាបណ្តើរៗ ខណៈតម្លៃមើមដំឡូងបានស្ទុះឡើងបន្តិចនៅដើមខែកុម្ភ: នេះ ប៉ុន្តែក៏មានកសិករខ្លះទៀតមិនទាន់ប្រមូលនៅឡើយផល រង់ចាំប្រមូលនៅចន្លះពីខែមីនា ដល់ខែមេសា ខាងមុខដោយរំពឹងថាតម្លៃនឹងអាចលអជាងនេះទៀត។
កសិករដែលបានប្រមូលផលចាប់ពីចុងខែមករានិងដើមខែកុម្ភៈបានឲ្យដឹង អំពីហេតុផលផ្សេងៗពីគ្នាថា ការប្រមូលផលឆាប់យ៉ាង នេះ ដោយសារតែពួកគាត់បានដាំមុនគេ និងកុំឲ្យមើមដំឡូងចុះខ្សោយគុណភាពផង ហើយខែកុម្ភៈនេះព្រះអាទិត្យក្តៅខ្លាំងហាលឆាប់ស្ងួតម៉្យាងពួកគាត់ក៏ត្រូវការលក់ដើម្បីបង្វិលថវិកាឱ្យ ម្ចាស់បំណុលដែលបានសន្យាសងផង ទើបពួកគាត់ឆាប់ប្រមូលផលបែបនេះ ។
លោកប៊ុន សាញ់ កសិករនៅ ភូមិស្លរខ្លាញ់ ឃុំបរវេល ស្រុកបរវេល បានឲ្យដឹងថា តម្លៃមើមដំឡូងមីឆ្នាំនេះចាប់ផ្តើមឡើង ប៉ុន្តែទិន្នផលដែលកសិករយើងធ្វើបានគឺធ្លាក់ចុះ ព្រោះអាកាធាតុមិនល្អ។
ចំណែកអ្នកស្រី សាន មុំ ដែលមានចម្ការដំឡូង ៥ ហិកតា ស្ថិតនៅស្រុកបាណន់បានរៀបរាប់ថា អ្នកស្រី ចាប់ប្រមូលក្នុងខែ កុម្ភៈនេះគឺតម្រូវទៅតាមទីផ្សារ ដែលមានឈ្មួញមកយកដល់កន្លែងមិនពិបាកដឹកទៅលក់។ ណាមួយដំឡូងអ្នកស្រី ក៏ល្មមដល់ពេលប្រមូលដែរ ចំណែកតម្លៃឆ្នាំនេះបានកើនជាងឆ្នាំមុនច្រើនគួរសម។កាលពីរដូវប្រមូលផលឆ្នាំមុនលក់បាន តែ៣៤៣ រៀលក្នុង ១ គីឡូក្រាម សម្រាប់ មើមស្រស់ និងមើមស្ងួតលក់បាន ៨១៤ រៀលក្នុង១ គីឡូក្រាម។ ឆ្នាំនេះមើមស្ងួតបានកើនជាងឆ្នាំមុន ១០០ រៀលក្នុង ១ គីឡូក្រាម។ ម្យ៉ាងទៀតអ្នកស្រីប្រញាប់យកដីដាក់ដាំដំណាំផ្សេង ទៀតទម្រាំដល់ពេលដាំដំឡូងនីឆ្នាំក្រោយ ណាមួយលោកស្រីត្រូវការបង្វិលលុយឲ្យគេបានគ្រប់ចំនួនផងព្រោះការដាំដំឡូងត្រូវការដើមទុន ដែលខ្ចីពីមីក្រូហិរញ្ញវត្ថុក្នុងស្រុក។
ចំណែកកសិករ នៅស្រុកភ្នំព្រឹកឯណោះវិញ គឺលោក ខ្លូត រិនដា អាយុ ៤៣ ឆ្នាំ ជាកសិកររស់នៅ ភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានឲ្យដឹងដែរថា ឆ្នាំនេះលោកបានដាំដំឡូងមី លើផ្ទៃដី ២០ ហិកតា បើទោះបីប្រឈមការរាំងស្ងួត តែផលដំឡូងលោកមិនប៉ះពាល់អ្វីទេ។
លោកបន្តថា ដំឡូងមីរបស់លោករងចាំប្រមូលផលនៅចន្លោះពីខែ មិនានិងខែ ៤មេសាខាងមុខ ដោយលោកលើកហេតុផលថា ដំណាំ ដំឡូងមីបើចង់ប្រមូលផល គឺទុកឲ្យបានរយះពេល ១ ខួបឬ ១ ខួប ២ ខែទើបប្រមូលនោះ វានឹងហុចទិន្នផលតាមការរំពឹងទុក។ តែកុំឲ្យទុកលើសពីនេះវាអាចប្រឈមការខូចគុណភាព។
លោកបានបន្តថា រយ:ពេលដែលលោកកំណត់នៃការប្រមូលទិន្នផលនេះ គឺមានផលប្រយោជន៍ច្រើន ក្នុងនោះលោកបានចំណូលថវិកាពីការលក់ដើម ហើយ ទិន្នផលមើមក៏បានប្រសើរ និង អាចរង់ចាំ ការកើនតម្លៃផងដែរ។ តែលោកថា ការរង់ចាំប្រមូលនៅអំឡុងពេលខាងលើនោះ ក៏វាមានកត្តាប្រឈមខ្លះដែរ គឺហាលមិនងាយស្ងួតបើមានធ្លាក់ភ្លៀងកក់ខែ។
កសិករបានបន្តថា បច្ចុប្បន្នមានឈ្មួញមកចចារតម្លៃរួចហើយគឺថ្លៃលើសឆ្នាំមុន ត្រឹមតែ១០០ រៀលក្នុង១គីឡូក្រាម សម្រាប់មើមស្ងួត គឺតម្លៃ ៨១៤រៀល ក្នុង១គីឡូក្រាម ខណ: ឆ្នាំមុនបាន តែ៧១៣រៀល។
លោកបន្តថា ក្នុងរយ:ពេលដែលខ្ញុំប្រមូលផល ដើមដំឡូងក៏លក់បានថ្លៃដែរ ក្នុង១បាច់មាន១៥ឬ ២០ដើម ឆ្នាំមុនលក់បានពីន្លោះ៤-៥ ពាន់រៀល បើសិនជាដល់រដូវដាំ កសិករផ្សេងខ្វះដើមដាំ អាចលក់បាន១បាច់១មុឺនផងដែរ ក្នុងកាល:ទេស: ខ្វះដើមដាំច្រើនគ្នា ដោយសាពួកគាត់ប្រមូលផលដោយមិនបានគិតអំពី រដូវកាលដែលបន្សល់ដើម សម្រាប់ ដាំបន្ត។
មន្ត្រីនៃមន្ទីរកសិកម្មខេត្ត លោក ហេង សិទ្ធ បានឲ្យដឹងកាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៤ថា ទីផ្សារដំឡូងមីឆ្នាំនេះ បើធៀបឆ្នាំមុនវាប្រហាក់ប្រហែលគ្នា គឺទីផ្សារនៅថេរ តែមើមដំឡូងស្ងួត តម្លៃអាចកើនឡើងបន្តិចបន្ទួចនឹងអាចឡើងបន្តបន្ទាប់ទៀតព្រោះទំហំផ្ទៃដីដាំដុះធ្លាក់ចុះមិនគ្រប់តម្រូវការទីផ្សារ។ ផ្ទៃដីដាំ ដំឡូងមីឆ្នាំនេះលោកថា មានការថយចុះខ្លាំង ខណ:ឆ្នាំនេះមានទំហំដី៩៥ ០០០ហិកតា បើធៀបឆ្នាំមុន មានរហូតដល់ ១៣៦ ០០០ ហិកតា តែទិន្នផលឆ្នាំនេះជាទូទៅហាក់មានកំណើនមិនមានការប៉ះពាល់ធ្ងន់ធ្ងរនោះ ទេ ស្របពេលបច្ចុប្បន្នទីផ្សារក៏នៅរក្សា ប្រហាក់ប្រហែលឆ្នាំមុនផង ដែរ កសិករអាចទទួលយកបាន៕ . សំរិត