សង្គ្រាមនិងភាពអត់ឃ្លាន នៅប្រទេសយ៉េមែន កើតចេញពីចលនាបដិវត្តពណ៌
ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ កាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៨ បានបញ្ជាក់ថា នៅប្រទេសយ៉េមែន សង្គ្រាមបន្តសម្លាប់មនុស្សរាប់ម៉ឺននាក់ និងអ្នកអត់ឃ្លាន គ្មានអាហារធ្ងន់ធ្ងរមានជាង៨លាននាក់ អ្នកខ្វះខាតអាហារមានជាង១៨,៤ លាននាក់។ ភាពអត់ឃ្លាននេះ បានវាយលុកទៅលើសុខភាពកុមារ យ៉ាងខ្លាំងក្លា! តើពួកពូកែខាងសិទិ្ធមនុស្ស ប្រជាធិបតេយ្យលើលោកនេះ ទៅណាអស់ហើយ! សង្គ្រាមនេះ អារ៉ាប់ប៊ីសាអូឌី បានប្រើប្រាស់អាវុធទំនើបៗ ផ្តល់ឱ្យដោយរដ្ឋបាលអាមេរិកនិងអង់គ្លេស បន្តសម្លាប់រង្គាលប្រជាជនយ៉ែមែន!។
លោកហេង រតនា បានបន្ថែមថា សង្គ្រាមបានចេញដំណើរពីឆ្នាំ២០១៥ មានកំណើតពីចលនាបដិវត្តពណ៌ កើតឡើងនិងរាលដាល ក្នុងតំបន់មជ្ឈិមបូព៌ារួមមាន ប្រទេសស៊ីរី ប្រទេសលីប៊ី ទុយនេស៊ី ជាដើម!។ ដោយសារប្រទេសយ៉េមែន ជាតំបន់វាលខ្សាច់ គ្មានការបង្កបង្កើតផល គឺគ្មានលទ្ធភាពរស់តាមបែបធម្មជាតិទេ។
ប្រជាជនកម្ពុជា បានឆ្លងកាត់សង្គ្រាមជាង៣៥ឆ្នាំ (១៩៦២-១៩៩៨) រងការទម្លាក់គ្រាប់បែក យ៉ាងជោកជាំ សង្គ្រាមឈ្លប សង្គ្រាមទ័ពព្រៃ សង្គ្រាមស៊ីវិលយ៉ាងយូរអង្វែងនេះ បានសម្លាប់ប្រជាជនកម្ពុជា រាប់លាននាក់។ ភាពអត់ឃ្លាននៅកម្ពុជា មានសម្បត្តិធម្មជាតិ ជួយចិញ្ចឹមដោយសម្បូរចំណីធម្មជាតិ មានដូចជា ត្រី បន្លែ ផ្លែឈើព្រៃជាដើម ដែលអាចជួយឱ្យរស់បានខ្លះៗដែរ តែដោយសារសង្គ្រាម ក៏ពិបាកវេទនាដដែល ព្រោះតែការតាមសម្លាប់គ្នាទៅវិញទៅមក!។
លោកអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា “ខ្ញុំធ្លាប់បានភ្លក់រសជាតិ នៃភាពវេទនាភាពអត់ឃ្លាននេះ ឆ្លងកាត់សម័យសង្គ្រាម របបប្រល័យពូជសាសន៍ និងដំណាក់កាលដំបូងក្រោយថ្ងៃរំដោះ (១៩៧៩-ដើមទសវត្សរ៍៨០)! ដូចនេះ ព្រះរាជាណាចក្រនេះ មានសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ ដូចសព្វថ្ងៃវាជាភព្វសំណាង និងជាមហាជោគជ័យ ក្រោមការដឹកនាំរាជរដ្ឋាភិបាល របស់សម្តេចតេជោសែន! សូមកុំនាំគ្នាភ្លេចគ្រាដ៏មហាទុក្ខលំបាក កើតមានជាក់ស្តែង នៅលើទឹកដីរបស់ព្រះរាជាណាចក្រ ដ៏កម្សត់ខ្លោចផ្សារបស់យើងឱ្យសោះ! ៕