ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម លី ធុជ ដឹកនាំគណៈប្រតិភូអន្តរ ក្រសួងចុះពិនិត្យទីតាំងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ា

112

សៀមរាប ៖ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យទីតាំងរៀបចំកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា និងទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា រដ្ឋមិនមែនភាគី និងអង្គការអន្តរជាតិ ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយពិធីនេះគ្រោងនឹងប្រព្រឹត្តិទៅ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។
ទីតាំងដែលត្រូវចុះពិនិត្យមើលរួមមាន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សណ្ឋាគារសុខា និងទីតាំងមួយចំនួនស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាប។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំ សាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងបានបញ្ជាក់ថា ព្រឹត្តិការណ៍រៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាក្នុងទឹកដីខេត្តសៀមរាបនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយដែលបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាមិនត្រឹមតែជាប្រធានប៉ុណ្ណោះទេ គឺប្រជាជនកម្ពុជាទាំង មូលជាប្រធាននៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនថ្នាក់ពិភពលោក ហើយប្រជាជនកម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជុំវិញពិភព លោក ជាពិសេសអ្នកខេត្តសៀមរាប និងអ្នករកស៊ីផ្នែកវិស័យសេវាកម្មទេសចរណ៍។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការទទួលធ្វើជាម្ចាស់ផ្ទះនេះ នឹងផ្តល់សារវិជ្ជមានពីកម្ពុជា និងមានសារៈសំខាន់បំផុតទៅកាន់ពិភពលោកថា ប្រទេសកម្ពុជា បានទទួលសុខសន្តិភាព និងសុវត្ថិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខណៈពេលប្រទេសមួយចំនួនកំពុងជួបនូវវិបត្តិសង្រ្គាម និងទាមទារឱ្យមានការចូលរួមថែរក្សាសន្តិភាព និងការងារបោសសម្អាតមីន។
ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ផ្តល់ស្នាមញញឹម និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាមួយនឹងវប្បធម៌ប្រពៃណីដ៏យូរលង់របស់កម្ពុជា ចំពោះគណៈប្រតិភូជុំវិញពិភពលោកនេះ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង