មន្ដ្រីអគ្គនាយកដ្ឋានក.ប.ប រកឃើញបង្គារចាក់ចាហួយជាង ៤ពាន់គីឡូក្រាម នៅតំបន់ត្រឡោកបែក រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ មន្ដ្រីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ បានឱ្យដឹងថា នារដូវសែនចិន-វៀតណាម នឹងឈានមកដល់នៅប៉ុន្មានថ្ងៃនេះ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យទំនិញនៅតំបន់ត្រឡោកបែក ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញបង្គារមានចាក់ចាហ៊ួយចំនួនជាង ៤ពាន់គីឡូក្រាម។
ជាក់ស្ដែងក្រោយចុះឃ្លាំមើលនិងត្រួតពិនិត្យទំនិញនានា ដោយមានកិច្ចសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរដែនដី នៅតំបន់ត្រឡោកបែកនេះ លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានចាប់ផ្តើមតាំងពីម៉ោង៣ទៀបភ្លឺ ដើម្បីធ្វើការឃ្លាំមើល។ លោកបានបន្តថា ជាលទ្ធផល ក្រៅពីទំនិញផ្សេងៗ ដូចជាមឹក ក្តាម និងអយស្ទ័រជាដើម ពុំបានរកឃើញវត្តមានសារធារធាតុគីមីហាមឃាត់នោះទេ ប៉ុន្តែបានរកឃើញ និងដកហូតបង្គារមានចាក់ចាហ៊ួយ ចំនួន២៦០កេស ស្មើនឹងប្រមាណ ៤ ២៣៥គីឡូក្រាម។
លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញរូបនេះ ក៏បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំឱ្យមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល ម្ហូបអាហារ នាំឲ្យប៉ះពាល់ ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។ លោកបានបន្ថែមថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើងទៅតាមកំណើនប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ននូវម្ហូបអាហារ ដែលមិនមានអនុលោមភាព សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
សូមជម្រាបថា ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវ ការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម៕