ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំ និងផ្ដល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ

121

 

ភ្នំពេញ ៖ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននឹងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្ដែងនៅថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៤នេះ នាទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការពន្យល់យ៉ាងងាយៗថា តាមរយៈប្រព័ន្ធទូទាត់វិក្កយបត្រ ប្រជាពលរដ្ឋ អាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារដៃគូមួយណាក៏បាន ឬបង់ជាសាច់ប្រាក់សុទ្ធដោយផ្ទាល់ក៏បាន ខណៈប្រព័ន្ធឌីជីថលមួយនេះ នឹងចូលរួមចំណែកលុបបំបាត់អំពើពុករលួយ ការទាមទារកម្រៃសេវាក្រៅផ្លូវការ និងជួយពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

គួររម្លឹកជូនថាក្រសួងមហាផ្ទៃ បានសហការជាមួយក្រុមហ៊ុន KESS Innovation PLC រៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងជាជំហានៗនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត ចំនួន ៣ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប កាលពីឆ្នាំ២០២១ និងត្រូវបានពង្រីកជាបន្តបន្ទាប់ មុននឹងត្រូវបានប្រកាសអនុវត្តជាផ្លូវការនៅថ្ងៃនេះ។

សម្រាប់ការស្នើសុំស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ គឺជាការកែទម្រង់ដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅការកសាងរដ្ឋាភិបាលឌីជីថល ដូចបានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដែលមានគោលដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតភ្ជាប់ព័ត៌មានវិទ្យាឌីជីថល រវាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព សមភាព គុណភាព និងតម្លាភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ថា ការផ្តល់សេវារដ្ឋបាល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ឬឌីជីថលនេះ ទើបតែត្រូវបានដាក់អនុវត្តសាកល្បង កាលពីពាក់កណា្ដលឆ្នាំ២០២៣ ដោយក្រសួងមហាផ្ទៃ នឹងពង្រីកការអនុវត្តសាកល្បងនេះ ទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ចំនួន៨ បន្ថែមទៀត រួមមាន ខេត្តសៀមរាប ខេត្តកំពត បន្ទាយមានជ័យ កំពង់ស្ពឺ ព្រះសីហនុ តាកែវ កំពង់ធំ និងខេត្តកំពង់ឆ្នាំង។

កម្ពុជា ចាប់ផ្តើមអនុវត្តយន្តការច្រកចេញចូលតែមួយ កាលពីឆ្នាំ២០០៥។ មុននឹងដំណើរការជាផ្លូវការដូចសព្វថ្ងៃ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តសាកល្បង នៅស្រុកគោលដៅ ចំនួន២ដែរ គឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងសៀមរាប ខេត្តសៀមរាប ដែលកាលនោះមិនទាន់ក្លាយជាក្រុងនៅឡើយ ក្រោមការជួយគាំទ្រពីសហភាពអឺរ៉ុប តាមរយៈអង្គការខុនរ៉ាដអាឌិនណៅអ៊ែរ។ បច្ចុប្បន្នយន្តការនេះ ទទួលការអបអសាទរ និងពេញចិត្តទាំងពីប្រជាពលរដ្ឋ សង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រទេសជាដៃគូ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត បន្តចូលរួមសហការ លើការងារ បណ្តុះបណ្តាល និងកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមវិស័យជំនាញនីមួយៗ នៅអង្គភាពច្រកចេញចូលតែមួយ និងត្រូវផ្សព្វផ្សាយ ព្រមទាំងពន្យល់ជូនពលរដ្ឋឱ្យបានកាន់តែច្បាស់អំពីសេវាច្រកចេញតែមួយ រួមទាំងយន្តការថ្មីៗ ដូចជាការទូទាត់កម្រៃសេវាតាមប្រព័ន្ធទូទាត់វិក្កយបត្រ និងការអនុវត្តសាកល្បងការស្នើសុំនិងទទួលសេវាតាមប្រព័ន្ធអនឡាញជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង