កម្ពុជា និងសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល
ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S. CDC) ដោយបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយជាបន្តទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង ។
ដោយបានកត់សម្គាល់ពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់សហរដ្ឋអាមេរិក ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែករបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S CDC) ដែលបានបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០២០ ដើម្បីពង្រឹងវិស័យសុខាភិបាល និងប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ជំងឺកូវីដ-១៩ និងជំងឺឆ្លងគ្រប់ប្រភេទ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ U.S CDC ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុ តាមរយៈក្រសួងសុខាភិបាល និងបានសម្តែងនូវសេចក្តីរីករាយ ចំពោះការកើនឡើងនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុន Pfizer។
ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកដោយការកោតសរសើរចំពោះ USAID ដែលបានប្រកាសនូវថវិកាចំនួន ៣៥លានដុល្លារអាមេរិកសម្រាប់ “ការលើកកម្ពស់គុណភាពនៃសកម្មភាពថែទាំសុខភាព II (EQHAII)” កាលពីខែវិច្ឆិកា ក្នុងគោលដៅបន្ដគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីលើកកម្ពស់សេវាសុខាភិបាលនានា។
ដោយបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្របេសកកម្មរបស់ (U.S CDC) ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោកស្រីវេជ្ជបណ្ឌិត Mandy Cohen សន្យាថានឹងខិតខំបន្ថែមទៀត តាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងសុខាភិបាល ក្នុងការបញ្រ្ជាបសកម្មភាពដែលកំពុងមានស្រាប់របស់ខ្លួន ជាមួយយុទ្ធសាស្រ្ដបញ្ចកោណ ក្នុងវិស័យសុខាភិបាល ដើម្បីផ្ដល់ការថែទាំសុខភាពឱ្យកាន់តែប្រសើរ ដល់ប្រជាជនកម្ពុជា។ លោកស្រីវេជ្ជបណ្ឌិត ក៏បានកោតសរសើរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងកាលៈទេសៈលំបាកកន្លងមក។
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក៏បានអះអាងជូនគណៈប្រតិភូ ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀចចំ និងជួយសម្របសម្រួលដល់ទំនាក់ទំនងការងារ រវាងក្រសួងសុខាភិបាលកម្ពុជា និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក៕