ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យការងារបង្កបង្កើនផលស្រូវរបស់កសិករ បានណែនាំឱ្យថែរក្សាទឹក គ្រាដែលអាជ្ញាធរកំពុងសម្រុកស្តារ ប្រព័ន្ធស្តុកទឹកទុកស្រោចស្រព

332


កំពង់ស្ពឺ ៖ ប្រជាកសិករទាំងអស់ក្នុងខេត្តកំពង់ស្ពឺ បាននាំគ្នាសម្រុកធ្វើស្រែប្រាំងលើសផែនការ គ្រាដែលអាជ្ញាធរ និងមន្ទីរជំនាញណែនាំពីការខ្វះទឹកសម្រាប់ស្រោចស្រព និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ខណៈប្រព័ន្ធស្តុកទឹកធំៗមួយចំនួនកំពុងស្តារ។


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ទីរជំនាញអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យស្ថានភាពបង្កបង្កើនផលរបស់ប្រជាកសិករនៅក្នុងស្រុកបសេដ្ឋ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា ស្ថានភាពនៃការបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំនិទាន និងឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ មានការផុលផុសខ្លាំងដោយឆ្នាំនេះពួកគាត់សម្រុកធ្វើស្រែប្រាំង និងដំណាំរួមផ្សំលើសពីផែនការ ដែលមានរហូតដល់ទៅ២៤០ភាគរយ ហើយអ្វីដែលធ្វើឱ្យពួកគាត់មានកម្លាំងចិត្តជំរុញដល់ការខិតខំនេះគឺដោយសារតែឆ្នាំនេះការបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ និងស្រូវមានទីផ្សារល្អ តម្លៃថ្លៃ។
ឰកឩត្តម អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្ត និងកោតសរសើរដល់ប្រជាកសិករទាំងអស់ ដែលបានខិតខំបង្កបង្កើនផលរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងការខិតខំនេះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ អាចនឹងជួបប្រទះនូវបញ្ហាប្រឈមខ្លះពីកង្វះទឹកសម្រាប់ស្រោចស្រពនាពេលខាងមុខ ជាមួយនេះសូមបងប្អូនត្រូវតែចេះសន្សំសំចៃទឹកឱ្យបានខ្ពស់បំផុតដើម្បីបញ្ជៀសនូវហានិភ័យនេះ។


លោក យឹម ណន ប្រធានមន្ទីរស្តីរកសិកម្ម ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្រូវរដូវប្រាំងតាមផែនការប្រចាំឆ្នាំ២០២៤ ចំនួន ៤៥៥ហិកតា ក្នុងនោះអនុវត្តសម្រេចបានចំនួន ១,១៩៤ហិកតា ស្មើនឹង ២៦២,៤២ភាគរយ នៃផែនការភាគច្រើនស្ថិតក្នុងវគ្គបង្កបង្កើនផល។ ក្នុងនោះស្រុកបសេដ្ឋ អនវុត្តបាន ៦៨១ហិកតា ស្មើនឹង ២៤៣,២១ភាគរយ នៃផែនការ ស្រុកគងពិសី ១១៧ហិកតា ស្មើនឹង១៥៦ភាគរយស្រុកឱរ៉ាល់ ១១៥ហិកតា ក្រុងឧដុង្គម៉ែជ័យចំនួន ១២ហិកតា ស្រុកភ្នំស្រួច ១៨៨ហិកតា ស្មើនឹង ១៨៨ភាគរយ ស្រុកសំរោងទង ៦០ហិកតា និងស្រុកថ្ពង ២១ហិកតា។ ដំណាំសាកវប្បកម្ម អនុវត្តបានសរុបចំនួន ១៣៤ហិកតា ក្នុងនោះមាន ដំណាំយកផ្លែ ១៧១ហិកតា និងបន្លែស្លឹកចំនួន ១៤៣ហិកតា។ ក្រៅពីនេះ មានដំណាំឧស្សាហកម្មរយៈពេលខ្លីចំនួន ៤៦ហិកតា។ 


ពាក់ព័ន្ធនឹងសន្ទុះនៃការបង្កបង្កើនផលលើសផែនការលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបង្ហាញពីក្តីបារម្ភដែលបងប្អូនប្រជាកសិករអាចនឹងជួបប្រទះក្នុងកំឡុងពេលប៉ុន្មានខែខាងមុខ ដោយក្នុងនោះលោកលើកឡើងថា នៅតាមអាងទឹកមួយចំនួននៅមានទឹកស្តុកពី៥០ភាគរយ ទៅ៦០ភាគរយ ដូច្នេះសម្រាប់ពីរទីបីខែខាងមុខធានាថានឹងមិនមានបញ្ហាដែលផ្តើមឡើងពីការខ្វះទឹកនោះឡើយ តែបងប្អូននឹងអាចជួបប្រទះបញ្ហាកង្វះទឹកក្នុងកំឡុងខែ៧ទៅខែ៨ដែលស្ថិតក្នុងកូនរដូវប្រាំង និងរដូវវស្សា។


លោកប្រធានមន្ទីរ បានបន្តថា ទឹកនៅតែអាចធានាដល់ការស្រោចស្រព និងប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមសណ្តនៃស្ទឹងព្រែកត្នោត លើកលែងតែតំបន់មួយចំនួនរួមមានប្រឡាយមេខាងត្បូង ប្រឡាយមេខាងជើងនិងស្ទឹងតូច មិនអាចផ្គត់ផ្គង់ទឹកបានទេ ខណៈដែលមន្ទីរជំនាញនិងមន្ត្រីបច្ចេកទេសកំពុងអនុវត្តគម្រោងថ្នាក់ជាតិ ប៉ុន្តែបងប្អូនអាចភ្ជាប់ទឹកពីស្ទឹងព្រែកត្នោត យកមកប្រើប្រាស់បានព្រោះមន្ទីរជំនាញធានាដល់និរន្តភាពទឹកក្នុងស្ទឹងសម្រាប់បងប្អូនប្រើប្រាស់ហើយក្នុងករណីមានការប្រែប្រួលបន្ទាន់ណាមួយមន្ទីរ និងជូនដំណឹងជាក្រោយ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង