ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្ដេជ្ញាចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យអស់នៅពាក់កណ្ដាលឆ្នាំ២០២៤
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុ រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) សរុប ៨.៦៧២ក្បាលដី ជូនពលរដ្ឋភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចេញនូវគោលនយោបាយដីធ្លី ក្នុងគោលបំណងពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយទំនាស់ដីធ្លី រៀបចំដែនដី និងគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធិភាព ជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌។ រដ្ឋបាលខេត្ដ និងជំនាញ ប្ដេជ្ញាខិតខំផលិត និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជពលរដ្ឋឱ្យអស់ទូទាំងខេត្ដព្រះសីហនុនៅពាក់កណ្ដឆ្នាំ២០២៤ ។ នេះ ជាការលើកឡើងរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្ដៅ និងសុវត្ថភាពដីធ្លី មានសិទ្ធិកាន់កាប់ដីធ្លីពេញលេញ តាមរយៈវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួននិងជៀសវាង នូវការរំលោភបំពានលើដីធ្លី ។ ដូចនេះ ប័ណ្ណកម្មសិទ្ធិនេះ គឺជាភស្តុតាង បញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ មិនមានជនណាមួយអាចក្លែងបន្លំ ឬធ្វើការដកហូតដីនោះបានឡើយ លើកលែងតែក្នុងករណីដែលរដ្ឋត្រូវការដើម្បីផលប្រយោជន៍សាធារណៈ ហើយត្រូវទូទាត់ជាមុននូវសំណងដោយសមរម្យ និងយុត្តិធម៌ ។ ប័ណ្ណកម្មសិទ្ធិនេះ ក៏អាចផ្ដល់លទ្ធភាពដល់បងប្អូនប្រជាកសិករយើង ដើម្បីយកទៅដាក់ធានា ឬហ៊ីប៉ូតែក ក្នុងការខ្ចីលុយពីមីក្រូហិរញ្ញវត្ថុឬធនាគារ យកមកប្រកបរបរធ្វើអាជីវកម្មផ្សេងៗ។ ក្បាលដីដែលត្រូវស្នើសុំផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ៨.៦៧២ក្បាលដី ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីផ្តល់ប័ណ្ណជូន មាន ៣ប្រភេទ គឺ១-ក្បាលដីដែលទទួលបានពីរដ្ឋចែកឱ្យមានចំនួន ១.៦៩៥ក្បាលដី។ ២–ក្បាលដីដែលទទួលបានពីជីដូនជីតា ឪពុកម្ដាយចែកឱ្យមានចំនួន ៧០៦ក្បាលដី ត្រូវបញ្ជូនទៅសាខាពន្ធដារខេត្ត ដើម្បីប្រថាប់ត្រាពន្ធស្មើសូន្យជាមុនសិនមុននឹងយកមកធ្វើការចែកជូន និង៣-ក្បាលដីដែលបានមកពីការលក់ ទិញ មានចំនួន ៦.២៧១ ម្ចាស់ដីត្រូវដាក់ពាក្យស្នើសុំចូលមកមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីយកឯកសារទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ឋដារខេត្ត ។ នេះ ជាការបញ្ជាក់បន្ថែមពីលោក សំ សុមនោ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ។