ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាកំពុងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាឆ្នាំ២០១៧

118


គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានកំពុងពិនិត្យ​ និង​សិក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។

នៅកិច្ចប្រជុំជាមួយសមាជិកគណៈកម្មការ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ទំាងពីរ លោក បណ្ឌិតរដ្ឋ ជាម យៀប បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ បានតាក់តែងឡើងក្នុងទិសដៅ ធានាដល់ចលនការនៃកំណែទម្រង់ ព្រមទាំងតម្រង់ និងតម្រឹមគោលដៅនៃកំណែទម្រង់ស្របទៅតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងការសម្រេច ឲ្យបានគោលដៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៃការងារ​។

សេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក និង១៣មាត្រា ដោយធានារក្សាបាននៅកំណើនម៉ាក្រូសេដ្ឋកិច្ច​រង្វង់៧% ដែលមានលក្ខណៈល្អប្រសើរដល់ការ បង្កើនប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោក បណ្ឌិតរដ្ឋ ជាម យៀប បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់ក្នុងការលើកកម្ពស់ជីវភាពមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ឱ្យមានជីវភាពរស់នៅកាន់តែប្រសើឡើង។

ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧​​វិញ មាន៣ជំពូក១៣មាត្រា។ លោក ប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្មនៃរដ្ឋសភា បានពន្យល់ថាសេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុង តាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។

កិច្ចប្រជុំរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នាឱកាសនេះ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់លើសេចក្តីព្រាងច្បាប់ ទំាងពីរខាងលើ។ លោក បណ្ឌិតរដ្ឋ ជាម យៀប បានមានប្រសាសន៍ថា ដើម្បីឲ្យមានធាតុចូលគ្រប់ជ្រុងជ្រោយ រដ្ឋសភាគ្រោងរៀបចំសិក្ខាសាលា ដើម្បីឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរនេះនាពេលខាងមុខ ហើយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ត្រូវប្រជុំពិនិត្យ និងសិក្សាជាមួយតំណាងរាជរដ្ឋាភិបាលទៀត មុនសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យ សម្រេចបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង