ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងប្រៃសណីយ៍ ចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ

41

 

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ប្រមុខរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យ ក.ប.ទ. រៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១3 ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន តាមរយៈការអនុវត្តគោលនយោបាយឌីជីថល” និង “ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” ក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង មានការរៀបចំកិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ ពីវាគ្មិនជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធនិងឧត្តមានុវត្តនៃការជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផងដែរ។

លើសពីនេះ ព្រឹត្តិការណ៍ដដែលនឹងមានការរៀបចំ ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ដើម្បីបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលបច្ចេកវិទ្យា គុណប្រយោជន៍ការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័នរដ្ឋ ដោយប្រើប្រាស់ថ្នាលបច្ចេកវិទ្យាឌីជីថល ដែលអភិវឌ្ឍដោយក្រសួង ស្ថាប័ន របស់រដ្ឋាភិបាល។ សារធារណជនក៏មានឱកាសក្នុងការប្រើប្រាស់សាកល្បង ឧបករណ៍បច្ចេកវិទ្យាទំនើបៗនិងចុងក្រោយដោយក្រុមហ៊ុនជាតិ និងអន្តរជាតិល្បីៗមកពីបណ្តាប្រទេសក្នុងតំបន់ ព្រមទាំងការផ្តល់សេវាផ្នែកបច្ចេកវិទ្យាឌីជីថល ពីក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗទាំងជាតិនិងអន្តរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង