សមាគមសិល្បករខ្មែរ មិនគាំទ្រ ចំពោះសិល្បកររូបណា ដែលយកវិជ្ជាជីវៈសិល្បៈរបស់ខ្លួន ទៅប្រព្រឹត្តទង្វើមិនគួរគប្បី ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន
ភ្នំពេញ៖ លោកស្រី ចន ចន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងជម្រាបដល់បងប្អូនសិល្បករសិល្បការិនី និងសាធារណជនឲ្យបានជ្រាបថា ដើម្បីចូលរួមការពារមុខមាត់ កិត្តិយសសេចក្ដីថ្លៃថ្នូរសម្រាប់បងប្អូនសិល្បករសិល្បការិនីទូទៅ ជាពិសេសដើម្បីចូលរួមការពារគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិយើង សមាគមសូមមិនគាំទ្រជាដាច់ខាតចំពោះបងប្អូនសិល្បករណា ឬបុគ្គលណា ប្រើឈ្មោះជាសិល្បករ ហើយទៅប្រព្រឹត្តរឿងមិនគប្បីនោះឡើយ។
សូមអរគុណបងប្អូនសម្រាប់ការចែករំលែកចែករំលែកបន្ត ដើម្បីអោយបានជ្រាបដល់បងប្អូនសិល្បករ និងមហាជនទូទៅកាន់តែច្រើន។
សមាគមសិល្បករខ្មែរ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍ថា យោងតាមស្មារតីនៃកិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ក្នុងគោលបំណងថែរក្សា ការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់សិល្បករទូទៅ និងដោយមានការស្នើសុំពីសិល្បករជាច្រើននាពេលកន្លងមក សមាគមសូមដាក់ចេញនូវសេចក្តីថ្លែងការណ៍ដូចខាងក្រោម សម្រាប់សមាជិកទាំងអស់ចូលរួមអនុវត្ត ព្រមទាំង ផ្សព្វផ្សាយជូនដល់សាធារណជន ដើម្បីជ្រាបជាព័ត៌មាន៖
១. សមាគមសិល្បករខ្មែរ សូមបញ្ជាក់ជូនសិល្បករទាំងអស់ឱ្យបានជ្រាបថា សមាគមសូមមិនគាំទ្រ និងបដិសេធជាដាច់ខាតចំពោះសិល្បកររូបណា ដែលយកវិជ្ជាជីវៈសិល្បៈរបស់ខ្លួន ឬ យកឈ្មោះជាសិល្បករ ទៅប្រព្រឹត្តទង្វើមិនគួរគប្បី ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំមកនូវការបាត់បង់តម្លៃជាសិល្បករ និងអាប់ឱនដល់កិត្តិយសសិល្បករដទៃទៀត ដែលកំពុងខិតខំចូលរួមលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ។
២. សូមសិល្បករជាសមាជិកទាំងអស់ ផ្តល់ព័ត៌មានមកកាន់សមាគម ដើម្បីបានទទួលការប្រឹក្សា យោបល់ ឬដំណោះស្រាយដោយសន្តិវិធី ឬការគាំទ្រផ្នែកច្បាប់ស្របតាមគោលការណ៍សមាគម ប្រសិនបើមាន វិវាទណាមួយកើតឡើង ជៀសវាងការបង្ហោះវីដេអូជេរប្រមាថឆ្លើយឆ្លងទៅវិញទៅមក នាំឱ្យតម្លៃជាសិល្បករធ្លាក់ ចុះ ជាគំរូមិនល្អដល់អ្នកគាំទ្រ និងមហាជនទូទៅផងដែរ៕