ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់ស្តីពីការដោះស្រាយផលប៉ះពាល់មនុស្សធម៌ដោយសារគ្រាប់មីនកែច្នៃ ក្នុងបរិបទអនុសញ្ញាអូតាវ៉ា
នៅទីក្រុងអាក្រា សាធារណរដ្ឋហ្គាណា ៖ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា គន្លឹះក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់ស្តីពីការដោះស្រាយផលប៉ះពាល់មនុស្សធម៌ដោយសារគ្រាប់មីនកែច្នៃ ក្នុងបរិបទអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សន្និសីទថ្នាក់តំបន់នេះ មានការអញ្ជេីញចូលរួមពី ឯកឧត្តម Alhaji Dr Mahamadu Bawumia អនុប្រធានាធិបតីនៃសាធារណរដ្ឋហ្គាណា និង ឯកឧត្តម Ambrose Dery រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋហ្គាណា។
ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា សន្និសីទថ្នាក់តំបន់នេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុមនុស្សជាតិ និងជាឱកាសសម្រាប់បណ្តាប្រទេសក្នុងតំបន់អាហ្វ្រិកផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពប្រាំឆ្នាំបន្ទាប់របស់អនុសញ្ញាអូតាវ៉ា។ សន្និសីទនេះ នឹងផ្តល់ឱកាសដ៏ល្អសម្រាប់ការបំពេញការងាររួមគ្នា ការចែករំលែកចំណេះដឹង និងការបង្កើតគំនិតថ្មីៗ ដើម្បីប្រឆាំងនឹងគ្រោះថ្នាក់ និងហានិភ័យបង្កដោយគ្រាប់មីនកែច្នៃ ក្នុងគោលបំណងកសាង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។
ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាហ្វ្រិក អង្គការសង្គមស៊ីវិល និងអង្គការជំនាញៗ នឹងរួមចំណែកអភិវឌ្ឍផែនការសកម្មភាពថ្មីៗសម្រាប់រដ្ឋភាគីនៃអនុសញ្ញា លើកកម្ពស់បទដ្ឋាន និងសកលភាវូបនីយកម្មនៃអនុសញ្ញា។ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវឱ្យមានការគាំទ្រពីសាធារណរដ្ឋហ្គាណា និងភាគីរដ្ឋចំនួន៥២ ផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក កៀរគរប្រទេសបីទៀតរួមមាន អេហ្ស៊ីប លីប៊ី និងម៉ារ៉ុក ឱ្យបានក្លាយជារដ្ឋភាគី នៅក្នុងកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប-អង្គរ និងសន្និសីទថ្នាក់តំបន់នេះ។
ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត បោះឆ្នោតជ្រើសតាំងកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមកិច្ចប្រជុំនេះជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។
កិច្ចប្រជុំកំពូលសៀម-អង្គរ ស្តីពីពិភពលោកមួយដែគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំង១៦៤ នឹងអនុម័តសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ និងដាក់ចេញនូវផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំពេញកាតព្វកិច្ច និងសម្រេចគោលបំណងរបស់អនុសញ្ញាអូតាវ៉ា ៕ ដោយ សំរិត