ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាល់ការយកមន្ត្រីនគរបាលពីអង្គភាពណាមួយ ទៅបម្រើការងារឱ្យអង្គភាពណាមួយ នៅក្នុងនិងក្រៅក្រសួងមហាផ្ទៃ ត្រូវមានការឯកភាពពីមានការសម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

259

 

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតមួយ ស្តីពីការស្នើសុំយកមន្ត្រីនគរបាលជាតិទៅបម្រើការងារនៅអង្គភាពផ្សេងៗ ឬបម្រើការងារជូនថ្នាក់ ដឹកនាំ នៅក្នុងនិងក្រៅក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា មានថ្នាក់ដឹកនាំនិងប្រធានអង្គភាព មួយចំនួនបានស្នើសុំយកមន្ត្រីនគរបាលជាតិ ដោយរក្សាឈ្មោះនៅអង្គភាពដើម ពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ ឱ្យមកបម្រើការងារក្នុងអង្គភាពរបស់ខ្លួន ឬមកជួយ ការងារផ្ទាល់ខ្លួន ជាអង្គរក្ស អ្នកបើកបរ ជំនួយការ នៅក្នុងឬក្រៅក្រសួងមហាផ្ទៃ ដែលធ្វើឱ្យអង្គភាពសាមី ជួបភាពលំបាកក្នុងការគ្រប់គ្រងមន្ត្រីរបស់ខ្លួន។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ទាក់ទងនឹងករណីខាងលើនេះ ក្រសួងមហាផ្ទៃ ជម្រាបជូន ឯកឧត្តម លោកជំទាវ ដូចខាងក្រោម៖

១- រាល់ការយកមន្ត្រីនគរបាលពីអង្គភាពណាមួយ ទៅបម្រើការងារឱ្យអង្គភាពណាមួយផ្សេងទៀត ឬមកជួយការងារឱ្យថ្នាក់ដឹកនាំណាម្នាក់ នៅក្នុងនិងក្រៅក្រសួងមហាផ្ទៃ ត្រូវមានការឯកភាពពី ប្រធានអង្គភាពសាមីជាមុន និងមានការសម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

២- ការស្នើសុំយកមន្ត្រីនគរបាលដូចមានចែងក្នុងចំណុច១ខាងលើ ត្រូវបានអនុញ្ញាតយ៉ាងច្រើន
ក្នុងរយៈពេល១ឆ្នាំ ហើយត្រូវស្នើសុំជាថ្មីក្នុងករណីចាំបាច់ លើកលែងតែឥស្សរជនជាន់ខ្ពស់។

៣- សាមីអង្គភាពឫថ្នាក់ដឹកនាំដែលស្នើសុំយកមន្ត្រីនគរបាលមកបម្រើការងារ ត្រូវគ្រប់គ្រងមន្ត្រី នគរបាលនោះឱ្យបានល្អ។

៤- ហាមជាដាច់ខាតការបញ្ជូនឬការអនុញ្ញាតឱ្យមន្ត្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឱ្យទៅបម្រើ ការងារនៅក្នុងវិស័យឯកជនក្នុងម៉ោងរដ្ឋបាល។

៥- អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទាក់ទងនឹង ការស្នើសុំយកមន្ត្រីទៅបម្រើការងារដូចបានបញ្ជាក់ជូនខាងលើ។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ ចូលរួមអនុវត្តតាមខ្លឹមសារនៃលិខិតនេះ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង