ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែចងដៃពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ

89


ភ្នំពេញ៖ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ ប្រវែងសរុប ១៥១៨ម៉ែត្រ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

មន្ត្រីជំនាញឱ្យដឹងថា៖ផ្លូវបេតុងទាំង០២ខ្សែ រួមមានៈ ខ្សែទី១ ប្រវែង ៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងភូមិដំណាក់សង្កែ និងខ្សែទី២ ប្រវែង ៨១៨ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតក្នុងភូមិព្រែករទាំង។

ក្នុងពិធីនោះលោកអភិបាលខណ្ឌដង្កោ បានធ្វើការលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នាក៏បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវបេតុងថ្មី ០២ខ្សែ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់សោភណ្ឌភាពនៃការរស់នៅផងដែរ។

ក្នុងនោះលោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកកំពឹស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។
លោកអភិបាលក៏បានណែនាំ ដល់ក្រុមហ៊ុនសូមយកចិត្តទុកដាក់អនុវត្តគម្រោងរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ ដើម្បីឲ្យផ្លូវនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសនោះដែរបងប្អូនប្រជាពលរដ្ឋបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងគិតគូអំពីការលំបាករបស់ពួកគាត់ ហើយផ្លូវទាំង០២ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់យ៉ាងច្រើន៕

អត្ថបទដែលជាប់ទាក់ទង